วันศุกร์ที่ 5 มีนาคม พ.ศ. 2553

កថាទី៦
រឿងកុកនិងក្ដាម

នៅក្នុងមាលវប្រទេស មានត្រពាំងមួយឈ្មោះបទ្មគភ៌ៈ ជាទីអាស្រ័យគោចរនៃកុកចាស់មួយ។ កុកនោះខ្សោយកំ
លាំងនឹងស្វែងរកចំណីអាហារបរិភោគមិនបានដោយស្រួល ក៏ពុតធ្វើជាព្រួយទុក្ខលំបាកអោយគេឃើញ។ ក្ដាមមួយ
នៅកែ្បរនោះ ឃើញកុកសំកុកជ្រប់ដូច្នោះក៏សួរទៅថាៈ «ហេតុអ្វីក៏លោកឈរសញ្ជប់សញ្ជឹងនៅព្រងើយ លះបង់
មិននាំពាក្នុងការស្វែងរកចំណីអាហារដូច្នេះហ្ន៎?»។ កុកពោលថាៈ «នែបងប្អូនទាំងឡាយអើយ ត្រីទាំងឡាយជាចំណី
អាហារតំរង់ជីវិតខ្ញុំមែនពិតហើយ តែខ្ញុំបានលឺពាក្យប្រមង់ពិគ្រោះគ្នានៅជិតក្រុងដូច្នេះថា ត្រីក្នុងត្រពាំងនេះមុខជា
ព្រានប្រមង់ នឹងមកចាប់យកអស់មិនខាន, ថាបើខ្ញុំអស់ផ្លូវរកស៊ីចិញ្ចឹមជីវិតក្នុងទីនេះហើយ សេចក្ដីស្លាប់មុខជាចូល
មកជិតខ្ញុំទៀងទាត់ណាស់ ព្រោះហេតុនោះបានជាខ្ញុំព្រួយចិត្ដសូម្បីតែអាហារក៏ព្រងើយកន្ដើយមិននឹកនាឃ្លានសោះ
»។ កាលនោះអែងហ្វូងត្រីទាំងឡាយរំពឹងគិតគ្នាថាៈ «នែអ្នកដ៏ចំរើនទាំងឡាយ ទោះជាយ៉ាងណាក៏ដោយ ពេលនេះ
គួរទុកកុកចាស់នេះជាអ្នកធ្វើអុបការៈដល់យើងគ្រប់គ្នាទៅចុះ ហើយគួរយើងចូលទៅសួរមើល តើនឹងត្រូវធ្វើដូច
ម្ដេចអោយសុខស្រួលដូចតទៅ ព្រោះថា៖

១៥ - បុគ្គលគួរចងស្ពានមេត្រីមួយអន្លើដោយសត្រូវដែលធ្វើអុបការៈ តែកុំធ្វើមួយ អន្លើដោយមិត្ដដែលធ្វើអប
ការៈ(ទោស) ឡើយ អុបការៈ នឹងអបការៈទាំងពីរប្រការនេះជាលក្ខណៈដែលបុគ្គលគប្បីកំណត់ដឹងចំពោះសត្រូវនិ
ងមិត្ដទាំងឡាយ។

ត្រីទាំងឡាយសួរទៅកុកតទៅថាៈ «លោកកុកដ៏ចំរើនអើយ! ក្នុងកាលអិលូវនេះ លោក មានអុបាយជួយរក្សាយើង
ដូចម្ដេចខ្លះ?។ កុកប្រាប់ថាៈ «អុបាយដែលជួយរក្សាអ្នកទាំងឡាយអោយរួចជីវិតមាន គឺត្រូវអោយអ្នកទាំងឡាយចេ
ញទៅរកទីអាស្រ័យនៅក្នុងជលាស័យដទៃទៀត ខ្ញុំនឹងនាំយកអ្នកទាំងឡាយមួយម្ដងៗ អោយទៅនៅក្នុងជាលាស័
យនោះ»។ ត្រីទាំងឡាយត្រេកអរពោលអឹងកងឡើងថាៈ «បើដូច្នោះ សូមលោកជួយតាមអុបាយនោះចុះ»។ កាល
នោះអែង, កុកចាស់នោះពាំនាំយកត្រីមួយម្ដងៗហើយស៊ីអស់ទៅ។ លំដាប់មក, ក្ដាមនិយាយនឹងកុកថាៈ «លោកកុ
កដ៏ចំរើន សូមលោកយកខ្ញុំទៅក្នុងជលាស័យនោះផង»។ កាលនោះអែង កុកចាស់ត្រេកអរចង់ស៊ីសាច់ក្ដាមម្ដង
ព្រោះខ្លួនមិនដែលបានស៊ីសោះ ក៏នាំក្ដាមយកទៅដាក់លើទីគោកមួយកនែ្លង។ ក្ដាមជាសត្វវាងវៃដឹងទាន់ ក្រលេក
មើលទៅក្រោមឃើញឆ្អឹងត្រីសព្រាតដេរដាសពាសពេញដី ទើបរំពឹងគិតថាៈ «ហ៎ា! អាត្មា អញដល់គ្រោះស្លាប់ខ្លួន
ហើយតើ? ស្លេះទុករឿងនេះមួយអន្លើសិន អឹលូវនេះអាត្មាអញ ត្រូវរកអុបាយកែខៃអោយរួចពីទុក្ខអោយសមតាម
បរិយាកាសសិន» (ហិតោបទេសសេចក្ដីប្រែជាភាសាសៀមនៃលោកនាគប្រទីបមានគាថាលើសដូច្នេះ ក. ដរាប
ណាភ័យនៅឆ្ងាយ ដរាបនោះ គួរខ្លាចភ័យមកដល់ កាលណាភ័យមកដល់ហើយបុគ្គលគួរតស៊ូភ័យកាលនោះតាម
ដែលគិតទុកមុន។ ក. កាលណាអ្នកប្រាជ្ញត្រូវគេធ្វើអន្ដរាយខ្លួនហើយ តែមើលមិនឃើញការព្រមព្រៀងចុះសំរុង
គ្នាកាលនោះ ត្រូវចូលប្រយុទ្ធព្រមស្លាប់ជាមួយសត្រូវ។
) គិតរកអុបាយល្អឃើញហើយ តាំងយកដង្កៀបកៀបក
កុកភ្លាម កៀបទាល់តែដាច់ម៉ាត់ស្លាប់ទៅហោង។

ព្រោះហេតុនោះបានជាខ្ញុំ(ត្មាតទុរទសី)ពោលថាៈ«កុកល្ងង់»ដូច្នេះជាដើម។ ក្នុងកាលនោះអែង ក្ងោកចិត្រពណ៌ពោល
ឡើងទៀតថាៈ «នែប្រធានរដ្ឋមន្ដ្រី! ចូរស្ដាប់ពាក្យខ្ញុំសិន ខ្ញុំបានគិតទុកដូច្នេះថា កាលបើតាំងអោយក្អែកមេឃពណ៌
ជាស្ដេចក្នុងកបូរ៌ទ្វីប វត្ថុប្រសើរទាំងឡាយអែណាដែលមាននៅក្នុងកបូរ៌ទ្វីប ក្អែកមេឃពណ៌នឹងបញ្ជូនមកថ្វាយ
យើងជាសួយសាអាករ អាស្រ័យដោយហេតុនេះ យើងនឹងនៅលើភ្នំវិន្ធ្យាដាយសេចក្ដីសុខដ៏ក្រៃលែង។ ត្មាតទុរទសី
ជាប្រធានរដ្ឋមន្ដ្រីបានស្ដាប់ហើយសើចក្អាកក្អាយ ហើយពោលថា៖

ជនណាមួយត្រេកអរមុនចំពោះប្រយោជន៍ ដែលមិនទាន់មកដល់តាមគំនិតដែលខ្លួនគិតទុក ជននោះនឹងត្រូវប្រ
សព្វសេចក្ដីក្ដៅក្រហាយស្ដាយក្រោយ ដូចព្រាហ្មណ៍ដែលវាបំបែកក្រឡ។ ក្ងោកចិត្រពណ៌សួរថាៈ «រឿងនោះតើដូច
ម្ដេច?» ត្មាតទុរទសីជាប្រធានរដ្ឋមន្ដ្រី និយាយរឿងនោះប្រាប់ថា៖

កថាទី៧
រឿងព្រាហ្មណ៍វាយបំបែកក្រឡ

នៅទេវីកោដ្ដនគរ, មានព្រាហ្មណ៍ម្នាក់ឈ្មោះទេវសមិៈ បានសតូវមួយក្រឡពេញក្នុងថ្ងៃសង្ក្រាន្ដ ហើយរីករាយស
ប្បាយចិត្ដដូចបានមហាសម្បត្ដិ។ ព្រាហ្មណ៍កាន់យកសតូវមួយក្រឡនោះហើយដើរទៅ ទទួលមានកំដៅព្រះអាទិត្យ
ក្ដៅខ្លាំងពេក គាត់ក៏ចូលទៅដេកសំរាកកាយក្នុងល្វែងមួយនៃរោងដាក់ឆ្នាំងដែលពេញដោយឆ្នាំង ដៃកាន់ដំបងមួយ
ផង ដើម្បីរក្សាសតូវនោះ គាត់គិតថាៈ «កាលណាអាត្មាអញលក់សតូវមួយក្រឡនេះទៅនឹងបានប្រាក់ ១០រៀល កា
លនោះអាត្មាអញនឹងយកប្រាក់ ១០រៀលនោះទៅទិញវត្ថុចានឆ្នាំងជាដើម យកទៅលក់តទៅទៀតកពូនប្រាក់អោយ
កាន់តែចំរើនថែមឡើងៗ ហើយទៅទិញវត្ថុដទៃទៀត មានម្លូនិងសំពត់ជាដើមយកទៅលក់ទៀត សន្សំប្រាក់ដរាប
ទាល់តែបានមួយសែនរៀល ហើយចាំទៅដណ្ដឹងប្រពន្ធអោយបាន៤នាក់តែម្ដង ប្រពន្ធណានៅក្មេងមានរូបឆោម
លោមពណ៌ល្អជាងគេអាត្មាអញ នឹងស្រលាញ់ផ្ដេកផ្ដិតកាយចំពោះនាងនោះច្រើនជាងគេ ដរាបណា បើប្រពន្ធទាំង
៤ នាក់នោះវាច្រណែនបែនទាគ្នា ដរាបនោះអាត្មាអញកើតទោសា ហើយយកដំបងវាយប្រពន្ធទាំងនោះ អាល័យតែ
ស្លុងគំនិតគិតអណ្ដែតអណ្ដូងបណ្ដោយទៅតាមចិត្ដវិតក្កនោះ ក៏លើកដំបងវាក្រឡសតូវនោះម៉កបែកខ្ចាយ មិនតែ
ប៉ុណ្ណោះជ្រុលដំបងទៅត្រូវឆ្នាំងនៃស្មូនឆ្នាំងបែកប្រាវអស់ក្រែលទៅទៀត។ កាលនោះអែងស្មូនឆ្នាំងលឺ សូឆ្នាំងបែ
កប្រេវប្រាវដូច្នោះ ក៏រត់ទៅមើលឃើញឆ្នាំងបែកខ្ចាត់ខ្ចាយ កើតមួរម៉ៅជេរប្រទេច វាយបណ្ដេញតាបសចេញពី
រោងឆ្នាំងនោះទៅ, ព្រោះហេតុនោះបានជាខ្ញុំ (ត្មាតទុរទសី) ពោលថាៈ «ជនណាមួយត្រេកអរ»ដូច្នេះជាដើម(លេខ
១៦)។ កាលនោះក្ងោកចិត្រព ណ៌និយាយប្រឹក្សាគ្នា ជាមួយនឹងត្មាតជាប្រធានរដ្ឋមន្រ្ដីក្នុងទីស្ងាត់ថាៈ ម្នាលសំលាញ់!
លោកគិតណែនាំខ្ញុំដូចម្ដេច ខ្ញុំនឹងធ្វើតាមពាក្យដូច្នោះ។ ត្មាតទុរទសីពោលថាៈ

១៧ - ជនអ្នកណែនាំព្រះនរបតីដែលដើរខុសផ្លូវ ដូចដំរីចុះប្រេងដ៏ទ្រនង់នឹងត្រូវទទួលពាក្យគេបន្ទោស។
ទេវៈ! សូមមេត្ដាប្រោសស្ដាប់ បន្ទាយដែលយើងទំលាយនេះទំលាយបានដោយអំណាចកំលាំងខ្ញុំបាទ រឺមួយទំលាយ
បានដោយអុបាយប្រតិស្ឋកើតឡើងដោយប្រាជ្ញាលោកម្ចាស់? ក្ងោកចិត្រពណ៌ឆ្លើយតបថា «ដោយអុបាយលោកប្រ
ធានរដ្ឋមន្រ្ដីទេតើ មិនមែនខ្ញុំទេ»។ ត្មាតទុរទសីពោលថាៈ «បើប្រតិបត្ដិទៅតាមពាក្យណែនាំខ្ញុំបាទគួរនឹងលើកព្យុ
ហរេហ៍ពល សកលយោធាយាត្រាត្រលប់ទៅប្រទេសយើងវិញ ព្រោះថារដូវនេះជិតរដូវភ្លៀងមកដល់ហើយ បើ
នឹងរៀបចំធ្វើសង្គ្រាមតទៅទៀត ទាំងពីរខាង មានកំលាំងរេហ៍ពលប៉ុនគ្នា អែការដកថយកំលាំងរេហ៍ពលដោះទៅ
កាន់ប្រទេសវិញក្នុងចំបាំងក៏លំបាក ហើយយើងនៅក្នុងប្រទេសសត្រូវផង, ដើម្បីជាប្រយោជន៍អោយកើតសេចក្ដី
សុខធំទូលាយ និងកេរ្ដិ៍ឈ្មោះនោះគួរតែយើងធ្វើសន្ដិភាពហើយសឹមដកទ័ពថយចេញទៅ, យើងកុំនឹកសប្បាយថា
បន្ទាយសត្រូវយើងក៏បានវាយបាក់បែកខ្ទេចខ្ទីអស់ហើយ កេរ្ដិ៍ឈ្មោះយើងក៏បានហើយ នុ៎ះ នេះជាទស្សនៈរបស់ខ្ញុំ
បាទ ព្រោះថា៖

១៨ - នរជនណា យកធម៌ដាក់ពីមុខ មិនរវល់គិតថាម្ចាស់ស្រលាញ់រឺមិនស្រលាញ់ហើយអាចហ៊ានពុះពារពោលពា
ក្យមិនជាទីគាប់ចិត្ដចំពោះម្ចាស់ផង នរជននោះទុកជាមិត្រ ព្រះរាជាពិត។

១៩ - នរណាហ្ន៎មិនឈ្មោះថាល្ងង់ បើយកខ្លួន មិត្ដសំលាញ់រេហ៍ពល រាជ្យរបស់ខ្លួន និងកេរ្ដិ៍ឈ្មោះខ្លួនទៅបោះចោ
លនៅក្នុងជញ្ជីងបះបើកគឺសេចក្ដីសង្ស័យមិនច្បាស់ក្នុងចិត្ដ ក្នុងសង្រ្គាម? ។ (ហិតោបទេស សេចក្ដីប្រែជាភាសា
បារាំងនៃលោកឡង់សឺរូ និងសេចក្ដីប្រែជាភាសាសៀមនៃលោកនាគប្រទីបមានគាថាលើសដូច្នេះ ព្រះព្រហស្ប
តិពោលដូច្នេះ បុគ្គលគប្បីប្រាថ្នាសន្ដិភាពចំពោះសត្រូវដែលមានកំលាំងស្មើគ្នា ការយកជ័យជំនះក្នុងសង្រ្គាមតែងមិ
នទៀងទាត់ទេ មិនគួរធ្វើខ្លួនអោយនៅក្នុងសន្ទិះសង្ស័យដូច្នេះឡើយ
)។

២០ - ក្នុងយុទ្ធសង្រ្គាម, ជួនកាលក៏មានខូចខាតទាំងពីរខាងដូចសុន្ទៈនឹងអុបសុន្ទៈ មានកំលាំងស្មើគ្នាតយុទ្ធគ្នាទៅវិញ
ទៅមក ស្លាប់ទាំងពីរនាក់មិនមែនរឺអ្វី?។
ក្ងោកចិត្រពណ៌សួរថាៈ រឿងនោះតើដូចម្ដេច?។ ត្មាតជាប្រធានរដ្ឋមន្រ្ដីនិយាយរឿង នោះប្រាប់ថាៈ

កថាទី៨
រឿងសុន្ទៈ និងអុបសុន្ទៈ

ក្នុងបុរាណសម័យ មានទៃត្យៈពីរនាក់ មួយឈ្មោះសុន្ទៈមួយទៀតឈ្មោះអុបសុន្ទៈ ជាអ្នកមានកេរ្ដិ៍ឈ្មោះល្បីល្បា
ញទាំងពីរនាក់ បានប្រារព្ធបំពេញតបៈខ្លាំងក្លាបូជាព្រះច័ន្ទសេខរៈ (ព្រះនាមព្រះអិសូរប្រែថាមានរូបព្រះច័ន្ទខាងខ្នើត
ជាមកុដ១
) មកអស់កាលដ៏យូរហើយ ដើម្បីប្រាថ្នារាជ្យក្នុងត្រៃលោក។ តមក ព្រះច័ន្ទសេខរៈដ៏មានជោគ ពេញព្រះ
ទ័យទើបទ្រង់ប្រោសប្រាណទៃត្យៈ ទាំងពីរនាក់នោះត្រាស់ថាៈ «ចូរអែងទាំងពីរនាក់ប្រាថ្នាពរចុះ»។ កាលនោះ ទៃត្យៈ
ទាំងពីរនាក់ ដោយកំលាំងព្រះនាងសរស្វ តីជាទេវីវាចា ជ្រែកចូលក្នុងកាយខ្លួនទាំងពីរ ក៏នាំបណ្ដាលអោយទូលសូម
ពរចំពោះព្រះច័ន្ទសេខរៈផ្សេងពីសេចក្ដីប្រាថ្នាដែលតាំងចិត្ដទុកពីមុនមកទៅវិញ បែរជានិយាយសូមពរថាៈ «បើព្រះ
ភគវន្ដទ្រង់ប្រោសប្រាណប្រទានពរ ក៏សូមប្រទាននាងបវិតីជាទីប្រិមប្រិយ របស់ព្រះអង្គ»។ កាលនោះ ព្រះច័ន្ទសេ
ខរៈដ៏មានជោគទ្រង់ព្រះក្រេវក្រោធ តែទ្រង់មិនលះបង់សច្ចះ នៅតែប្រសិទ្ធិពរប្រទាននាងបវិតីដល់ទៃត្យៈល្ងង់ខ្លៅ
អិតការពិចារណានោះ។ ចំណេរកាលមក ទៃត្យៈទាំងពីរជាអ្នកទ្រទ្រង់លោក ជាប់ចិត្ដក្នុងលំអព្រះសរីរាងវយវៈ ព្រះ
នាងបវិតី ដោយកាមរោគៈដុតដាលក្នុងចិត្ដងងឹតងងល់អាក្រក់ក្រៃលែង កើតឈ្លោះទាស់ទែងដណ្ដើមគ្នាទៅវិញ
ទៅមក ដោយអាងថាត្រូវបានខ្លួនតែសព្វខ្លួន ទីបំផុតចុះមិត្ដព្រមគ្នា នឹងយកប្រមាណបុរស គឺអ្នកអាជ្ញាកណ្ដាលជា
ចៅក្រមមកកាត់ក្ដីអោយ, កាលនោះព្រះព្រះច័ន្ទសេខរៈជាម្ចាស់លោកជ្រាបសេចក្ដី ក៏ប្លែងព្រះអង្គជាព្រាហ្មណ៍ព្រឹ
ទ្ធចុះមកប្រាកដក្នុងលោកនោះ។ ទៃត្យៈទាំងពីរ និយាយនឹងព្រាហ្មណ៍នោះថាៈ «នាងនេះ យើងទាំងពីរនាក់ បានមក
ដោយកំលាំងយើងទាំងពីរ សមគួរ នឹងអោយអ្នកណាក្នុងយើងទាំងពីរនាក់នេះ?» តាព្រាហ្មណ៍ឆ្លើយថាៈ

២១ - គួរបូជាព្រាហ្មណ៍ ព្រោះជាអ្នកមានវណ្ណប្រសើរ, ក្សត្រព្រោះជាអ្នកមានអំណាចច្រើន វៃស្យ ព្រោះជាអ្នក
មានទ្រព្យនិងស្រូវច្រើន សូទ្រ ព្រោះជានអ្នកបំរើព្រាហ្មណ៍

បើលោកទាំងពីរនាក់ជាក្សត្រត្រូវកាន់ធម៌ជាក្សត្រ ការច្បាំងជានាទីនៃលោកដែលលោកនិយមស្រាប់ហើយ។ លុះ
តាព្រាហ្មណ៍ជាប្រមាណបុរស(អ្នកអាជ្ញាកណ្ដាល) ពោលពាក្យដូច្នេះហើយ ទៃត្យៈទាំងពីរនាក់យល់ឃើញតាមដោ
យគិតឃើញថា ពាក្យដែលតាព្រាហ្មណ៍ជាអាជ្ញាកណ្ដាលពោលនេះត្រឹមត្រូវហើយ ក៏ចូលទៅប្រយុទ្ធគ្នាក្នុងខណៈ
នោះយ៉ាងសហ័សដ៏សាហាវយង់ឃ្នង តែដោយគូទាំងពីរមានកំលាំងស្មើគ្នា ក៏ប្រហារគ្នាទៅវិញទៅមកស្លាប់ទាំង
ពីរនាក់ទៅហោង ព្រោះហេតុនោះបានជាខ្ញុំត្មាតទុរទសីពោលថា «ក្នុងយុទ្ធសង្គ្រាម» ដូច្នេះជាដើម(លេខ២០)។ ក្ងោ
កចិត្រពណ៌និយាយឡើងថាៈ «កាលបើដូច្នេះដូចម្ដេចក៏មន្រ្ដីអែងមិននិយាយពីកាលមុន?»ត្មាតទុរទសីតបទៅវិញ
ថាៈ «កាលនោះលោកម្ចាស់បានស្ដាប់ពាក្យខ្ញុំបាទ យល់សេចក្ដីដល់ទីបំផុតហើយរឺ? សង្រ្គាមនេះកើតឡើងដោយ
មិនបានទទួលមតិយល់ព្រមពីខ្ញុំបាទទេ ព្រោះមិនគួរនឹងទៅរុកកួនអោយកើតវិនាសសោះ អែរាជហង្សហិរណ្យគភ៌ៈ
ប្រាថ្នាតែចងស្ពានមេត្រីជាសាធុគុណតែប៉ុណ្ណោះទេ មិនចង់ធ្វើ សង្រ្គាមទេ ព្រោះថាៈ

២២ - បុគ្គលមានសច្ចៈ១ បុគ្គមានអាយិជាតិ១ បុគ្គលទ្រទ្រង់ធម៌១ បុគ្គលជាអនារយជាតិ១ បុគ្គលមានបងប្អូនច្រើន
១ បុគ្គលមានកំលាំង១ បុគ្គលធ្លាប់មានជ័យក្នុងសង្គ្រាមច្រើនដង១ ទាំង៧ប្រភេទនេះលោកពោលថាត្រូវធ្វើសន្ដិភាព។

២៣ - បុគ្គលមានសច្ចៈ តែងរក្សាសច្ចៈទៀងទាត់, នរណាធ្វើសន្ដិភាពមួយអន្លើដោយ បុគ្គលមានសច្ចៈ សន្ដិភាពរ
មែងមិនប្រែព្រួលទេ បុគ្គលជាអាយិជាតិ សូម្បីខូចខាតដល់ជីវិត ក៏មិនព្រមលះបង់កិត្ដិយស មិនព្រមដើរទៅតាមទំ
នងដែលជាអនារិយជាតិឡើយ។

២៤ -មែនពិត ជនដែលបានឡើងឈ្មោះថាជាអ្នកទ្រទ្រង់ធម៌ហើយ កាលបើត្រូវគ្រោះអន្ដរាយ នរណាៗ ក៏ទៅជួ
យតស៊ូរក្សាដែរ អាស្រ័យដោយការរាប់អាននៃប្រជាជនទួទៅ និងគុណធម៌នៃខ្លួន អ្នកទ្រទ្រង់ធម៌ដែលជាទីរាប់អា
ននៃជន បុគ្គលណានិមួយទៅធ្វើអន្ដរាយមិនបានដោយងាយឡើយ។

២៥ - កាលបើសេចក្ដីវិនាសចូលមកជិតដល់ហើយ សូម្បីអនារិយជន យើងក៏គួរធ្វើសន្ដិភាពដែរ ព្រោះថាបើវៀរ
មិនអាស្រ័យអនារិយជននោះ ហើយយើងមិនអាចធ្វើអោយយើងរស់តទៅទៀតបានឡើយ។

២៦ - រិស្សីដុះជាគុម្ពក្រាស់ ជិតប្រកិតគ្នាចោមរោមព័ទ្ធដោយដៃរិស្សីមានបន្លាស្អេកស្កះ បុគ្គលមិនអាចចូលទៅកាប់
កាត់រិស្សីនោះបានដោយងាយទេ យ៉ាងណាបុគ្គលមានបងប្អូនច្រើនក៏យ៉ាងនោះដែរ។

២៧ - ពាក្យដែលនិយាយថា «ត្រូវច្បាំងតស៊ូនឹងបុគ្គលមានកំលាំង ដូច្នេះ មិនមានអុទាហរណ៍ណាជានិទស្សនទេ ក្នុង
កាលណាក៏ដោយ ដុំពពកមិនដែលរសាត់ច្រាសខ្យល់ឡើយ

២៨ - ជនគ្រប់គ្នា ទីឋានគ្រប់កន្លែងគ្រប់កាលវេលា បុគ្គលរមែងចុះយ៉មព្រមចាញ់ អានុភាពនៃវិរបុរសដែលធ្លាប់
មានជ័យច្រើនដងណាស់មកហើយ ដូចជាបរសុរាមជារាជ បុត្រព្រះបាទជមទគ្និ (បរសុរាមជាបុត្រ ព្រះបាទជមទត្ថ
ជាសត្រូវនឹងព្រះរាម ច្រណែននឹងព្រះរាមព្រោះខ្លួនក៏ឈ្មោះនាមដែរ
)។

២៩ - អ្នកធ្លាប់មានជ័យក្នុងយុទ្ធសង្រ្គាមច្រើនដងហើយ ទៅធ្វើសន្ដិភាពមួយអន្លើដោយព្រះរាជាអង្គណា សត្រូវនៃ
ព្រះរាជាអង្គនោះនឹងលុះក្នុងអំណាចនៃព្រះអង្គភ្លាម ដោយអនុភាពនៃការចងស្ពានមេត្រីសន្ដិភាពនោះ។

ក្នុងរឿងនេះ, រាជហង្សហិរណ្យគភ៌ៈនេះប្រកបដោយគុណលក្ខណៈច្រើនប្រការណាស់ គួរនឹងធ្វើសន្ដិភាពបាន។ ចា
ក្រពាកសវិជ្ញៈជាប្រធានរដ្ឋមន្រ្ដីនៃរាជហង្សហិរណ្យគភ៌ៈ បាន ស្ដាប់ពាក្យនៃកុកទីឃមុខជាចារបុរសដែលមកថ្លាថ្លែ
ងប្រាប់សព្វគ្រប់តាំងពីដើមដល់ចុង ដូចសេចក្ដីរៀបរាប់នេះហើយ ទើបនិយាយតទៅទៀតថាៈ «នែកុកចារបុរស!
យើងបានស្ដាប់ពាក្យអ្នកអស់អាថិសេចគ្រេចហើយ តែអ្នកចូលទៅម្ដងទៀតទៅស្ដាប់អោយបានការអស់ ហើយ
ត្រូវចូលត្រលប់មកប្រាប់យើងវិញយ៉ាងឆាប់ៗ»។ តែក្នុងពេលដែលចាក្រពាកបង្គាប់កុកទីឃ៌មុខដូច្នេះ រាជហង្សហិរ
ណ្យគភ៌ៈសួរចាក្រពាកសវិជ្ញៈថាៈ «លោកប្រធានរដ្ឋមន្ដ្រី! ខ្ញុំចង់ដឹងថា បុគ្គលដែលយើងមិនគួរនឹងធ្វើសន្ដិភាពចង
ស្ពានមេត្រីនោះបែបណាខ្លះ ?»។ ចាក្រពាកសវិជ្ញៈឆ្លើយប្រាប់រាជហង្សហិរណ្យគភ៌ៈថាៈ «ទេវៈ! ខ្ញុំបាទនឹងបរិយាយជូន
សូមលោកម្ចាស់ចាំស្ដាប់ដូចសេចក្ដីតទៅនេះ៖

៣០ - ១ក្មេង ២មនុស្សចាស់ ៣មនុស្សឈឺរីងរៃ ៤មនុស្សដែលញាតិបណេ្ដញចោលបង់ ៥នាយខ្លាច ៦បរិវាខ្លាច
៧នាយល្មោភ ៨បរិវាល្មោភ ៩មនុស្សដែលមានប្រក្រតីព្រងើយកន្ដើយ ១០មនុស្សមានចិត្ដជាប់ក្នុងកាមគុណ ១១
មនុស្សមានចិត្ដផ្លាស់ប្ដូរច្រើន ចិត្ដមិនទៀងទាត់ ១២មនុស្សនិន្ទាទេពតា និងព្រាហ្មណ៍ ១៣ មនុស្សមានព្រេងសំណា
ងអាក្រក់ ១៤មនុស្សជឿព្រេងសំណាង ១៥មនុស្សត្រូវអន្ដរាយដោយទុរភិក្ស ១៦មនុស្សមានចិត្ដរសាំរសាយក្នុងក្ដី
អន្ដរាយរេហ៍ពល ១៧មនុស្សមិននៅក្នុងប្រទេសខ្លួន ១៨មនុស្សមានសត្រូវច្រើន ១៩មនុស្សមិនប្រកបដោយវេ
លា ២០មនុស្សមិនប្រកាន់សច្ចៈនិងធម៌ មនុស្សដែលមិនត្រូវធ្វើសន្ដិភាពមាន ២០ពួកដូចពោលមកនេះ។ (ពីលេខ
៣០ដល់៣៣ ដាក់ចូលរួមគ្នា
)។

៣៤ - បុគ្គលទាំង២០ពួកនេះ មិនត្រូវធ្វើសន្ដិភាពជាមួយឡើយ មានតែត្រូវធ្វើសង្រ្គាមតបវិញតែប៉ុណ្ណោះ ព្រោះថា
បុគ្គល២០ពួកនេះ កាលបើចាត់ធ្វើសង្រ្គាមហើយ មុខជាធ្លាក់ទៅក្នុងអំណាចសត្រូវពិតប្រាកដហើយឆាប់រហ័សផង។

៣៥ - ធម្មតាលោក តែងមិនពេញចិត្ដធ្វើសង្រ្គាមដើម្បីកូនក្មេង ព្រោះកូនកេ្មងមិនមានអំណាចមួយទៀត កូនក្មេង
មិនយល់ផលនៃការច្បាំង និងការមិនច្បាំងទេ។
៣៦ - មនុស្សចាស់ និងមនុស្សរីងរៃ មិនមានអុស្សាហៈនឹងអង់អាចទេ ជនទាំង២ពួក នេះសូម្បីបងប្អូនអែងក៏មើល
ងាយអិតសង្ស័យឡើយ។
៣៨ - នាយខ្លាច រត់ចោលសង្រ្គាមនឹងដល់សេចក្ដីវិនាសដោយខ្លួនអែង បរិវារខ្លាច ក៏រត់ចោលម្ចាស់ខ្លាចសង្រ្គាមដូ
ចគ្នាដែរ។
៣៩ - នាយល្មោភ តែងមានបរិវារមិនសូវចង់ច្បាំង ព្រោះបរិវារមិនសូវបានចំណែក អែបរិវារល្មោភដែលមិនបាន
រង្វន់នឹងសំលាប់នាយល្មោភបង់។
៤០ - មនុស្សដែលមានប្រក្រតីព្រងើយកន្ដើយ ត្រូវមនុស្សដែលមានប្រក្រតីមិនព្រងើយកន្ដើយ លះបង់ចោលក្នុង
សង្រ្គាម អែមនុស្សដែលមានចិត្ដជាប់ក្នុងកាមគុណ គេតែងយឈ្នះបានដោយងាយ។
៤១ - មនុស្សមានចិត្ដផ្លាស់ប្ដូរច្រើន តែងជាទីបែកចិត្ដនៃជនអ្នកជួយប្រឹក្សា (មន្ដ្រី) ដល់មានកិច្ចការកើតឡើង មនុស្ស
មានចិត្ដផ្លាស់ប្ដូរច្រើននោះតែងព្រងើយកន្ដើយព្រោះ មានចិត្ដមិនទៀងទាត់។
៤២ - មនុស្សនិន្ទាទេពតា និងព្រាហ្មណ៍ នឹងសាបសូន្យទៅអែងៗ ព្រោះអំណាចព្រះធម៌ធំទូលាយណាស់ អែមនុស្ស
មានព្រេងសំណាងអាក្រក់វិនាសដូចគ្នាដែរ។
៤៣ - មែនពិត ការជឿព្រេងសំណាងជាហេតុនៃសម្បត្ដិ (សេចក្ដីចំរើន)ផង នៃវិបត្ដិ (សេចក្ដីវិនាស)ផង កាលបើ
ដូច្នេះមនុស្សជឿព្រេងសំណាង នឹងមិនតាំងចិត្ដព្យាយាមធ្វើអ្វីដោយខ្លួនអែង។
៤៤ - មនុស្សដែលត្រូវអន្ដរាយដោយទុរភិក្ស នឹងលិចស្រឹមទៅដោយខ្លួនអែង រីនាយមានចិត្ដរសាំរសាយក្នុងក្ដីអន្ដ
រាយរេហ៍ពលក៏មិនអាចកទ័ព ដើម្បីចំបាំងទៀតបានទេ។
៤៥ - មនុស្សដែលមិននៅក្នុងប្រទេសខ្លួន សូម្បីកូនសត្រូវតូចមួយក៏អាចសំលាប់បាន ដូចក្រពើ សូម្បីតូចតាចបើ
នៅក្នុងទឹកហើយអាចចាប់ដល់ដំរីសារធំបាន។
៤៦ -មនុស្សមានសត្រូវច្រើន តែងរន្ធត់តក់ស្លុតដូចព្រាបនៅក្នុងកណ្ដាលហ្វូងក្លែង បើទុកជាដើរផ្លូវណាក៏ដោយមិន
យូរប៉ុន្មាននឹងដល់ក្ដីស្លាប់មិនខាន។
៤៧ - មនុស្សដែលមានសែន្យានុភាព មិនប្រកបដោយវេលា នឹងត្រូវយោធាដែលប្រកបដោយកាលវេលាវាយខ្ចាត់
ខ្ចាយបាន ដូចក្អែកនៅក្នុងពេលរាត្រីអិតមានពន្លឺត្រូវទីទុយសំលាប់បាន។

៤៨ - ក្នុងកាលណាក៏ដោយ បុគ្គលមិនគួរធ្វើសន្ដិភាព(មេត្រី) មួយអន្លើដោយមនុស្សមិនកាន់សច្ចៈនិងធម៌ឡើយ
ព្រោះថា កាលបើធ្វើសន្ដិភាពជាមួយជនបែបនេះហើយ មិនយូរប៉ុន្មាន នឹងដល់នូវការប្រែព្រួលដោយហេតុតែមិន
មែនជាសប្បុរសនោះអែង។

ខ្ញុំបាទនឹងជំរាបតទៅទៀតថា ការធ្វើសន្ដិភាព១ ការធ្វើសង្រ្គាម១ ការយាត្រាទ័ព១ ការសំចតទ័ព១ ការពឹងពាក់អា
ស្រ័យនៃទ័ព១ ការចាត់ចែងទ័ព១ ទាំង៦ប្រការនេះជាអង្គការនៃកងទ័ព។ អុបាយដើម្បីចាប់ផ្ដើមធ្វើការ១ រេហ៍ពល
និងទ្រព្យសម្បត្ដិ១ ការលៃលកទៅតាមកាលៈទេសៈ១ អុបាយការពារមិនអោយចាញ់១ សេចក្ដីសំរេចផលនៃការ
ងារ១ ទាំង៥ប្រការនេះជាអង្គនៃការប្រឹក្សា។ ការផ្សះផ្សា១ ការចែករំលែក១ ការញុះញង់បំបែក១ ការផ្ដន្ទាទោស
១ ទាំង៤ប្រការនេះជាអុបករណ៍យកឈ្នះ។ អានុភាពនៃអុស្សាហៈ១ អានុភាពប្រឹក្សា១ អានុភាពនៃព្រះរាជា១ ទាំង
៣ប្រការនេះជាអានុភាព(អានុភាពគឺ គ័ក្ដក្នុងចំបាំងមាន៣ប្រការគឺ ១អុស្សាហគ័ក្ដី បន្ត្រគ័ក្ដិ និង ៣ប្រភគ័ក)។ កាល
បើបានពិចារណា តាមពាក្យដែលបានពោលមកនេះជានិច្ចហើយអ្នកប្រាថ្នាជ័យជំនះនិងសំរេចផលបានទៅ ជាបុគ្គល
ធំមិនខាន។

៤៩ - សេចក្ដីពិត ស្រីណាដែលបុគ្គលមិនគប្បីបានដោយតំលៃគឺការបរិច្ចាគជីវិត ស្រីនោះសូម្បីទ្រេតទ្រោតឃ្លេង
ឃ្លោងរមែងរត់ទៅរកបុគ្គលដែលចេះនិតិសាស្ដ្រចេះនយោយបាយ។

៥០ - ក្នុងកាលណា ជនណាចេះចែកចាយទ្រព្យសម្បត្ដិអោយជនដទៃស្មើភាគគ្នា មានចារបុរសចេះលាក់លៀម
ការសំងាត់ទុកដោយល្អ មានការប្រឹក្សាយ៉ាងស្ងាត់ មិនពោលពាក្យអសុរសចំពោះសព្វមនុស្សទាំងឡាយ ក្នុងកាល
នោះ ជននោះអាចគ្រប់គ្រងប្រឹថពីមណ្ឌលដែលមានសាគរជាខបខែត្របាន។

ទេៈ! បើទុកជាត្មាតទុរទសីជាប្រធានរដ្ឋមន្ដ្រីបានណែនាំអោយធ្វើសន្ដិភាពក្ដី ក្នុងពេលនេះ ក្ងោកចិត្រពណ៌នៅកំពុង
ឡើងជោរដោយការមានជ័យ គង់មិនទាន់យល់ព្រមនៅឡើយទេ។ ក្នុងរឿងនេះ គួរលោកម្ចាស់ចាត់ការដូច្នេះវិញ
ពេលនេះគួរអោយកុកឈ្មោះមហាពលនៃសីហលទ្វីបជាសហាយរបស់យើងធ្វើជារាជា ហើយញុះអោយទៅកការ
ចលាចលឡើងក្នុងជម្ពូទ្វីប ព្រោះថាៈ

៥១ - វីរយោធាដែលមានគ្រឿងការពារល្អ រក្សាការសំងាត់ទុកដោយប្រពៃ យាត្រាទ័ព ដ៏ណាស់ណាន់តាន់តាប់ហើ
យមានរបៀបចូលទៅដុតកំដៅសត្រូវណា ដែលមានកំលាំងស្មើភាគគ្នាអោយរំខាន សត្រូវដែលក្ដៅក្រហាយរំខាន
ហើយនោះ នឹងចូលមកធ្វើសន្ដិភាព ព្រោះហេតុតែសេចក្ដីរំខាននោះអែង។

រាជហង្សហិរណ្យគភ៌យល់ព្រមហើយពោលថាៈ «ធ្វើយ៉ាងនេះត្រឹមត្រូវហើយ» ទើប ប្រគល់សាសន៍សំងាត់បញ្ចូន
កុកឈ្មោះ វិចិត្រ អោយទៅសីហលទ្វីប។ ក្នុងពេលដែលរាជ ហង្សហិរណ្យគភ៌និងចាក្រពាកសវិជ្ញៈកំពុងតែប្រឹក្សា
គ្នាដូច្នេះ កុកទីឃ៌មុខជាចារបុរសមកដល់ហើយនិយាយប្រាប់ថាៈ «ទេវៈ ខ្ញុំបាទបានលឺសត្រូវគឺត្មាតទុរទសីជាប្រធាន
រដ្ឋមន្រ្ដីនិយាយប្រាប់ក្ងោកចិត្រពណ៌ក្នុងទីនោះថា «ទេវៈ! ក្អែកមេឃពណ៌បាននៅក្នុងសំណាក់រាជហង្សហិរណ្យគភ៌ៈ
អស់កាលយូរហើយវាគង់នឹងបានដឹងថា រាជហង្សហិរណ្យគភ៌ជាបុគ្គល គឺយើង (ក្ងោកចិត្រពណ៌) គួរគប្បីធ្វើសន្ធិ
សញ្ញាស្ងប់សឹកបានរឺមិនបាន។ កាលដែលក្អែកមេ ឃពណ៌ចូលទៅដល់ខ្ញុំ (កុកទីឃមុខ) បានលឺថាក្ងោកចិត្រពណ៌
សួរថាៈ «នែមេឃពណ៌! រាជហង្សហិរណ្យគភ៌ៈ ជាស្ដេចបែបណា? ចាក្រពាករដ្ឋមន្ដ្រីមានលក្ខណៈដូចម្ដេចខ្លះ?។
ក្អែកមេឃពណ៌ឆ្លើយប្រាប់ថាៈ «ទេវៈ! រាជហង្សហិរណ្យគភ៌ៈ ជាស្ដេចមានអធ្យាស្រ័យទ្រង់សច្ចៈទៀងត្រង់ណាស់
ប្រដូចជាអង្គព្រះបាទយុទ្ធិសិរ្ធ(ព្រះរាជាបាណ្ឌុត ក្នុងរឿងមហាភារត ជាសេ្ដចប្រកបដោយធម៌) អែប្រធានរដ្ឋមន្រ្ដីដូ
ចជាចាក្រពាក សវិជ្ញៈនេះក៏គេរកបានដោយក្រណាស់»។ កាលនោះ ក្ងោកចិត្រពណ៌សួរកាត់ទៀតថាៈ «ថាបើកាន់
សច្ចៈល្អដូច្នេះ ហេតុអ្វីក៏អែងចូលទៅលលួងអោយចាញ់កលបាន?»ក្អែកមេឃពណ៌សើចហើយឆ្លើយតបភ្លាមវិ
ញថាៈ «ទេវៈ?

៥២ - ការលួងបោកជនជឿទុកចិត្ដស្រេចហើយ ចាំបាច់ប្រើសេចក្ដីឆ្លៀវឆ្លាតអ្វីប៉ុន្មាន ដូចជាការប្រហារជនដែល
ចូលមកដេកលើស្មាយើងហើយ ចាំបាច់ប្រើសេចក្ដីអង់អាចជាជាតិបុរសប៉ុន្មាន»។

ទេវ! សូមលោកម្ចាស់ស្ដាប់ ចាក្រពាកសវិជ្ញៈជាប្រធានរដ្ឋមន្ដ្រីដឹងថាខ្ញុំបាទជាចារបុរស តាំងពីប្រឋមទស្សន៍ម៉េ្លះ តែ
រាជហង្សហិរណ្យគភ៌ៈមានអធ្យាស្រ័យធំណាស់ ហើយជឿទុកចិត្ដខ្ញុំបាទស៊ប់ បានជាខ្ញុំបាទលលួងបោកបាន ព្រោះថា៖

៥៣ - ជនណា ដឹងថាទុរជនពោលពាក្យសច្ចៈដូចខ្លួនដឹងដែរជននោះត្រូវទុរជនលលួងបោកបាន ដូចព្រាហ្មណ៍ត្រូវពួក
អ្នកលេងបោកយកពពែបាន។ ក្ងោកចិត្រពណ៌សួរថាៈ «ចុះរឿងនោះតើដូចម្ដេច?។ ក្អែកមេឃពណ៌និយាយរៀប
រាប់ប្រាប់ថាៈ

ไม่มีความคิดเห็น:

แสดงความคิดเห็น