วันศุกร์ที่ 5 มีนาคม พ.ศ. 2553

កថាទី១
រឿងហង្សនិងក្ងោក

នៅក្នុងកបូរទ្វីប មានស្រះមួយឈ្មោះបទមកេលិ។ នៅក្នុងស្រះនោះមានរាជហង្សមួយឈ្មោះហិរណ្យគភ៌អាស្រ័យ
នៅ។ បក្សីជលចរទាំងអស់ព្រមព្រៀងគ្នាអភិសេកហិរណ្យគភ៌ លើកអោយធ្វើជាស្ដេចបក្សី ព្រោះថា៖

២ - បើមិនមានព្រះនរបតីជាអ្នកគ្រប់គ្រងដឹកនាំដោយប្រពៃទេ ប្រជាជនទុកដូចនាវាមិនមានអ្នកកាន់ចង្កូត នឹងវង្វេង
លិចលង់ក្នុងជលធី។

៣ - ព្រះនរបតីគ្រប់គ្រងរក្សានូវប្រជាជន ប្រជាជនធ្វើអោយចំរើនព្រះនរបតី ការគ្រប់គ្រងរក្សាប្រសើរជាងសេច
ក្ដីចំរើន បើមិនមានការគ្រប់គ្រងរក្សាសេចក្ដីចំរើននោះទេ សេចក្ដីចំរើននឹងត្រលប់វិនាសអន្ដរាយបាត់បង់ទៅវិញ។

ក្នុងថ្ងៃមួយ រាជហង្សកំពុងសំរាកកាយលើបល្ល័ង្គឈូកដ៏ពិសាល មានបរិពារចោមរោមកលហ្វៅត្រៀបត្រា។ កាល
នោះកុកឈ្មោះទិឃ៌មុខត្រលប់មកដល់ពីបរទេស ចូលទៅជិតហើយអង្គុយប្រណម្យ។ រាជហង្សសួរថា «ហៃទីឃ៌
មុខ! អ្នកទើបមកដល់ពីបរទេស ចូរនិយាយរឿងអ្វីប្លែកអោយយើងស្ដាប់បន្ដិចមើល!.»។ កុក ឆ្លើយប្រាប់ថា «ទេវ!
មានរឿងប្លែកចំលែកធំណាស់ ព្រោះហេតុនោះទើបខ្ញុំវិលត្រលប់ ដោយរហ័សដើម្បីជំរាបដំណឹងនេះ នៅក្នុងជម្ពូ
ទ្វីបមានបព៌តមួយឈ្មោះវនធយ ជាទីអាស្រ័យនៅនៃក្ងោកជាបក្សីថលចរឈ្មោះចិត្រពណ៌។ កាលខ្ញុំហើរត្រាច់ស្វះ
ស្វែងរកចំណីអាហារនៅក្នុងព្រៃភ្លើងឆេះមួយកន្លែង ខ្ញុំបាទបានជួបនឹងបរិវាស្ដេចក្ងោកនោះ។ បរិវារស្ដេចក្ងោកសួរ
ខ្ញុំបាទថាៈ «អ្នកជាអ្វី? អ្នកមានការអ្វី? ទៅណាបានជាមកកាន់ទីនេះ?» ពេលនោះ ខ្ញុំបាទឆ្លើយប្រាប់ទៅវិញថាៈ «ខ្ញុំ
ជាបរិវាររាជហង្ស ឈ្មោះហិរណ្យគភ៌ ជាស្ដេចចក្រពត្រាធិរាជនៃកបូរទ្វីប ខ្ញុំមកនេះដើម្បីដើរមើលក្រុងនៃនានាប្រ
ទេសទាំងឡាយ»។ បក្សីជាបរិវារស្ដេចក្ងោកបានស្ដាប់ពាក្យខ្ញុំបាទហើយសួរតទៅទៀតថា «ចុះប្រទេសទាំងពីរនេះ
គឺប្រទេសអ្នកនិងប្រទេសខ្ញុំ ប្រទេសណាគ្រាន់បើជាងប្រទេសណា? ស្ដេចណាគ្រាន់បើជាងស្ដេចណា?»។ ខ្ញុំបាទ
ឆ្លើយប្រាប់ថាៈ «អា៎! ដូចម្ដេចក៏ហ៊ានសួរដូច្នេះ? ផ្សេងខុសគ្នាធំណាស់! ប្រទេសស្ដេចខ្ញុំ ល្អហើយធំណាស់ផង ព្រោះ
កបូរទ្វីបទុកដូចជាស្ថានសួគ៌ រាជហង្សទុកដូចជាព្រះអិន្រ្ទាធិរាជ ជាស្ដេចឋានសួគ៌ទីពីរ អ្នកទាំងឡាយនៅក្នុងទីនេះ
ដ៏ក្រៀមក្រោះអិតជីជាតិ មានតែដីភ្លើងឆេះរលីងធេង ហេងហោងយ៉ាងនេះនៅម្ដេចកើត? មក! ចូរទៅនៅក្នុងប្រ
ទេសយើងជាមួយយើងទៅ»។ បក្សីបរិវារស្ដេចក្ងោកបានលឺពាក្យខ្ញុំបាទហើយទាំងអស់គ្នាក៏ក្រេវក្រោធច្រលោត
ខឹងក្រៃលែង ព្រោះថា៖

៤ - ការអោយភុជង្គនាគផឹកទឹកដោះ បានតែនាំអោយចំរើនពិសកាចបន្ថែមឡើងទៀតតែប៉ុណ្ណោះ អុបទេសដែល
គេអោយដល់មនុស្សល្ងង់ខ្លៅក្រេវក្រោធច្រើន មិនបានសេចក្ដីស្ងប់ទេ បានតែក្រោធថែមទៀត។

៥ - មានតែអ្នកប្រាជ្ញទេបុគ្គលគប្បីអោយអុបទេសបាន អែមនុស្សល្ងង់ក្នុងកាលណាក៏ដោយ បុគ្គលមិនគប្បីអោយ
អុបទេសឡើយ សត្វបក្សីកាលអោយអុបទេសដល់ស្វាល្ងង់ ត្រូវស្វាបោចរោចសំបុកចោលហិនហោចអស់។ រាជ
ហង្សសួរថា ចុះរឿងនោះដូចម្ដេច?។ កុកទីឃ៌មុខនិយាយរឿងរ៉ាវនោះប្រាប់ថា៖

កថាទី២
រឿងបក្សីនិងស្វា

នៅជិតត្រើយទន្លេនមិទា មានដើមជ្រៃមួយដើមប្រកបដោយសាខាទ្រឈឹងទ្រឈៃ នៅលើជ្រៃនោះបក្សីទាំងឡាយ
ធ្វើសំបុក ទុកជ្រកអាស្រ័យនៅដោយសុខក្សេមក្សាន្ដ។ សម័យថ្ងៃមួយក្នុងរដូវភ្លៀង មណ្ឌលពពកមានផ្ទៃខ្មៅជាំ
ដាសពាសពេញអាកាសវេហាស៍ សុទ្ធសឹងជលធារា កាលនោះភ្លៀងធំក៏បង្អុរចុះមកយ៉ាងខ្លាំង។ ខណនោះអែងបក្សី
ទាំងឡាយក្រលេកមើលទៅឃើញពានរមួយហ្វូងដែលជ្រកអាស្រ័យនៅ លើដើមជ្រៃនោះដែរ ត្រូវត្រជាក់រងា
បៀតបៀនខ្លាំង កំពុងញាប់ញ័រចំប្រប់អោបដៃ តត្រុនរណ្ដំធ្មេញក្រឹកៗ កើតមានចិត្ដអាណិតអាសូរខ្លាំង ទាល់តែអត់
ទ្រាំមិនបាន ក៏និយាយប្រាប់ទៅថាៈ «នែបងពានរ! ចូរស្ដាប់ខ្ញុំ ខ្ញុំនិយាយប្រាប់៖

៦ - សំបុកដែលយើងជ្រកនេះ យើងធ្វើដោយខ្លួនអែងដោយស្មៅដែលយើងពាំយកមកគ្រាន់តែដោយចំពុះ ចុះបង
ពានរអែង មានដៃមានជើងដូចមនុស្សដែរ ម្ដេចក៏មកអង្គុយទ្រាំលំបាករងារញ័រទទ្រើកដូច្នេះ។

ពានរទាំងឡាយស្ដាប់ពាក្យបក្សីទាំងឡាយហើយ កើតក្នាញ់ក្នុងចិត្ដឆ្លើយតបទៅវិញថា «យីអើ! អាបក្សីនេះវាអាង
វាបាននៅក្នុងសំបុកអិតមានខ្យល់កក់ក្ដៅសុខក្សេមក្សាន្ដស្រួល វាហ៊ាននិយាយឌឺដងឡកឡឺយអោយយើង មិនអី
ទេចាំមើលតែរាំងដឹងហើយ!(ហិតោបទេស សេចក្ដីប្រែជាភាសាបារាំងរបស់លោកឡង់សឺរូមានគាថាលើលដូច្នេះ
គឺ បក្សី មនុស្សកាច មនុស្សល្ងង់ និងអ្នកដែលអួតខ្លួនជាអ្នកប្រាជ្ញ មិនមានសមត្ថភាពធ្វើគេហដ្ឋាននៅបានទេ បាន
គ្រាន់តែបំផ្លិចបំផ្លាញគេហដ្ឋានតែប៉ុណ
្ណោះ) ។ លុះដល់រាំងភ្លៀងហើយ ពានរទាំងឡាយនោះវាឡើងទៅបោចរោច
សំបុកបក្សីខ្ទេចខ្ទីហិនហោចទាំងអស់ ធ្លាក់ស៊ុតបក្សីរពុកមកដីបែកខ្ចាយអន្ដរាយអស់ទៅហោង ព្រោះហេតុនោះ
បានជាខ្ញុំ(កុកទីឃ៌មុខ)និយាយថាៈ «មានតែអ្នកប្រាជ្ញទេ» ដូច្នេះជាដើម(លេខ៥)។ រាជហង្សសួរទៅទៀតថា ចុះក្ងោក
ទាំងនោះវាធ្វើដូចម្ដេចតទៅទៀត។ ទីឃ៌មុខនិយាយតទៅថា «កាលនោះក្ងោកទាំងឡាយក្រេវក្រោធច្រលោត
ខឹងសួរតបមកខ្ញុំវិញថាៈ «ចុះរាជហង្សជាស្ដេចអ្នកអែងនោះ បាននរណាលើកដំកើងអោយធ្វើជាស្ដេច?»។ គ្រានោះ
ខ្ញុំបាទអាក់អន់ចិត្ដក្នាញ់ខ្លាំងណាស់ ក៏សួរត្រលប់ទៅក្ងោកទាំងឡាយនោះវិញថាៈ «ចុះក្ងោកជាស្ដេចអ្នកទាំងអស់
គ្នានេះ បាននរណាលើកអោយសោយរាជ្យ?»។ ក្ងោកទាំងឡាយនោះលុះបានស្ដាប់ពាក្យខ្ញុំបាទសួរដូច្នោះហើយ ក្ដៅ
ក្រហាយខ្លាំង ចង់រករឿងសំលាប់ខ្ញុំបាទ ខ្ញុំបាទក៏សំដែងក្ដីអង់អាចមិនខ្លាចតបទៅវិញ ព្រោះថា

៧ - ក្នុងកាលខ្លះ សេចក្ដីអត់ធន់ជាគ្រឿងលំអនៃបុរស ដូចសេចក្ដីអៀនខ្មាសជាគ្រឿងលំអនៃស្រ្ដីទាំងឡាយ តែសេច
ក្ដីក្លាហានជាគ្រឿងលំអនៃបុរសក្នុងពេលដែលគេមើលងាយ ដូចការមិនអៀនខ្មាសជាគ្រឿងលំអនៃស្រ្ដីក្នុងការ
សេពសន្ថវៈដូច្នោះដែរ។ រាជហង្សអស់សំណើចសើចឃឹក ហើយនិយាយថាៈ

៨ - នរជនណា កាលមើលឃើញការមានកំលាំងនិងការអិតកំលាំងនៃខ្លួននឹងសត្រូវហើយ មិនស្គាល់ប្រភេទផ្សេង
គ្នាទៀត នរជននោះត្រូវសត្រូវមើលងាយ។

៩ - មែនពិតលាកំលៅពាក់ស្បែកខ្លាចូលទៅស៊ីស្រូវក្នុងស្រែអស់កាលយូរ ត្រូវគេសំលាប់ចោលបង់សៀត ព្រោះ
ទោសកើតមកពីសំដី។ ទីឃ៌មុខសួរថាៈ «ចុះរឿងនោះតើដូចម្ដេច?»។ រាជហង្សនិយាយរឿងនោះប្រាប់ថា៖

កថាទី៣
រឿងលាពាក់ស្បែកខ្លា

នៅក្នុងស្រុកហស្ថិនាបុរៈ មានអ្នកបោកគក់ម្នាក់ឈ្មោះវិលាសៈ។ គាត់មានលាមួយ។ លានោះដឹកនាំសំភារៈធ្ងន់ពេក
ទៅជាស្គាំងស្គមថមថយខ្សោយកំលាំងរកកល់នឹងស្លាប់។ កាលនោះ អ្នកបោកគក់យកស្បែកខ្លាទៅគ្របពីលើលា
នោះ ហើយលែងអោយដើរទៅស៊ីស្រូវក្នុងស្រែមួយដែលមាននៅក្នុងទីជិតមាត់ព្រៃ។ អ្នកស្រែមើល ពីចំងាយទៅ
ឃើញលានោះ តែសំគាល់ថាជាសត្វខ្លា ក៏រត់ប្រញាប់ប្រញាល់ត្រលប់ទៅផ្ទះវិញ។ តមកថ្ងៃមួយ អ្នកស្រែស្លៀក
ពាក់ខោអាវប្រផេះ ដៃកាន់ដំបងមួយដើរអោនអង្កុលៗចូលទៅ ហើយអង្គុយក្នុងទីគួរមួយដើម្បីលបមើល។ អែ
លានោះបានស៊ីស្រូវតាមទំនើងចិត្ដអស់កាលយូរថ្ងៃហើយ មានខ្លួនធាត់ធ្លិក ឡើងកំលាំងក្លៀវក្លា កាលក្រលេកមើ
លទៅឃើញអ្នកស្រែនោះពីចំងាយ សំគាល់ថាជាលាញី ក៏តាំង កញ្រ្ជៀវយ៉ាងខ្លាំង ហើយបោលសំដៅ ទៅរកអ្នក
ស្រែ។ គ្រានោះអែងអ្នកស្រែលុះដឹងច្បាស់ថាជាលាពិតប្រាកដហើយ ដោយសំលេងកញ្រ្ជៀវហេហេនោះ យារដំប
ងលើកឡើងសំពងលានោះម៉ុង វាយអស់ទំហឹងសំលាប់ចោលទៅហោង ព្រោះហេតុនោះបានជាខ្ញុំ (រាជហង្ស» និ
យាយថាៈ លាកំលៅដូច្នេះជាដើម(លេខ៩)។ ទីឃ៌មុខរៀបរាប់តទៅទៀតថាៈ កាលនោះក្ងោកទាំងឡាយជេរប្រ
ទេចក្រោយបង្អស់ថា «នែអាកុកគំរក់ខិលខូចចង្រៃ! អាអែងចូលមកដល់ទឹកដីយើង អាអែងព្រហើនហ៊ានមើល
ងាយព្រះចេស្ដាម្ចាស់យើង! អិលូវនេះ យើងអត់ទោសអោយអែងមិនបានទេ។ ក្ងោកទាំងឡាយនោះ ពោលដូច្នេះ
ហើយ ហើរចូលមករោមចោមចឹកខ្ញុំបាទសំលាប់ហើយស្រែកជេរទាំងកំហឹងថា «នែអាគំរក់ល្ងង់ចង្រៃ! ហង្សជា
ស្ដេចអែងកំសាកញីទេ អិតមានកំលាំងអំណាចអ្វីគ្រប់គ្រងដែនទឹកដែនដីទេ ព្រោះស្ដេចដែលខ្សោយអំណាច មិន
អាចគ្រប់គ្រងរាជ្យដែលនៅក្នុងកណ្ដាប់ដៃខ្លួនបានឡើយ បើដូច្នោះ តើធ្វើដូចម្ដេចស្ដេចអាអែងនឹងអាចគ្រប់គ្រង
លោកសន្និវាសនេះបាន? រាជ្យស្ដេចអាអែងនោះ វាធំម្ល៉ាទៅ? រីខ្លួនអាអែងនេះសោត ដូចកង្កែបមិនដែលចេញពី
អណ្ដូងសោះ បើម្លឹងៗ តើអាអែងហ៊ានមើលងាយយើង អោយយើងចូលទៅស្វាមីភក្ដិស្ដេចអាអែង យើអាអែង
ក៏កោងម្លេះ! អាអែងស្ដាប់មើល!

១០ - ដើមឈើធំ បរិបូណ៌ដោយសន្លឹក មានម្លប់ត្រជាក់នឹងរយោនរយានដោយផ្លែ ក៏បុគ្គលគប្បីពឹងពាក់អាស្រ័យ
តែបើជួនកាលខ្លះ ទេវតាបណ្ដាលមិនអោយមានផ្លែ មិនអោយមានម្លប់ បុគ្គលនឹងមិនត្រូវបំផ្លាញចោលរឺអ្វី?។
ហិតោបទេស សេចក្ដីប្រែជាភាសាបារាំងរបស់លោកឡង់សឺរូ មានគាថាលើលដូច្នេះគឺ បុគ្គលកុំគប្បីឋិតនៅ រឺដើរ
ទៅជាមួយមនុស្សអាក្រក់ សូម្បីមួយរំពេចអោយសោះ ព្រោះថាការសេពគប់មនុស្សអាក្រក់ឈ្មោះថាសេចក្ដីស្លា
ប់ ការសេពគប់អ្នកសប្បុរសឈ្មោះថាសន្ដិភាព។

១១ -បុគ្គលមិនគប្បីធ្វើការសេពគប់ពឹងពាក់ ចំពោះជនដែលតូចតាចថោកទាបឡើយ គប្បីធ្វើចំពោះតែអិស្សរជន
ដែលមានអំណាចព្រោះថាទឹកដោះ បើនៅក្នុងកណ្ដាប់ដៃអ្នកស្រវឹងក៏បានឡើងឈ្មោះជាទឹកគ្រឿងស្រវឹងដែរ។

១២ - គុណធម៌គម្ពីរភាពជ្រាលជ្រៅហើយធំពិសាលផង បើថិតនៅក្នុងបុគ្គលតូច អិតគុណ តែងដល់នូវការអោន
ថយតូចទៅៗពិត ព្រោះបុគ្គលជាគ្រឿងទ្រមិនសមល្មមដល់គុណធម៌ដែលត្រូវទ្រ ដូចរូបដំរីដែលនៅក្នុងកញ្ចក់ ហិ
តោបទេស រោងពុម្ពភាគិវ បុស្ដកាល័យគាយឃាដិកាសី មានគាថាដូច្នេះគឺ មេពពែអាស្រ័យការប្រោសប្រាណនៃ
សីហៈ អាចស្វែងរកអាហារក្នុងព្រៃអិតភិតភ័យ អែវិសណៈ (ពិភេក) អាស្រ័យបុណ្យព្រះរាម ទើប បានរាជនៅក្រុង
លង្កា។

១៣ - ដោយការប្រើអុបាយកល បុគ្គលគប្បីយកឈ្នះព្រះនរាធិបតីដែលមានអំណាចធំក្រៃលែងទាល់តែសំរេច
បាន ទន្សាយទាំងឡាយបានសេចក្ដីសុខស្រួលបួល ព្រោះប្រើអុបាយក្នុងនាមនៃព្រះច័ន្រ្ទ។

ខ្ញុំបាទទីឃ៌មុខសួរថា «ចុះរឿងនោះតើដូចម្ដេច?» ក្ងោកទាំងឡាយនិយាយរៀបរាប់រឿងរ៉ាវនោះប្រាប់ខ្ញុំបានទថាៈ

កាថាទី៤
រឿងដំរីនិងទន្សាយ

ថ្ងៃមួយ នៅក្នុងរដូវភ្លៀងរាំងរីងស្ងួតហួតហែងអិតមានទឹកភ្លៀងសោះ ដំរីមួយហ្វូងធំ ដែលមានក្ដីស្រេកឃ្លានបៀត
បៀនចូលទៅនិយាយជាមួយដំរីជាមេខ្លោងថាៈ «លោកជាទីពឹង! ធ្វើអុបាយដូចម្ដេចយើងទាំងអស់គ្នានឹងមានជីវិត
រស់នៅតទៅទៀត? ទីនេះត្រពាំងបឹងបួរីងអស់ហើយ សូម្បីតែសំរាប់សត្វតូចតាចក៏មិនមែនដែរ យើងទាំងអស់គ្នា
បើមិនមានទឹកសំរាប់ស្រប់សំរាប់ផឹកសំរាប់មុជទេ មុខជានឹងស្លាប់អសាបង់អស់ហើយ ដូចជាអណ្ដើកខ្វាក់ទៅណា
មិនរួច យើងទាំងអស់គ្នានឹងទៅអែណាហ្ន៎?»។ កាលនោះស្ដេចដំរីបានស្ដាប់ហើយ នាំបរិវារដើរចេញទៅ មិនឆ្ងាយ
ប៉ុន្មានបានឃើញត្រពាំងមួយទឹកថ្លាយល់ដី។ ក្នុងថ្ងៃដែលដំរីបបួលគ្នាដើរទៅនោះ ទន្សាយតូចធំទាំងឡាយដែលអា
ស្រ័យនៅនាត្រើយត្រពាំងនោះ ទាំងប៉ុន្មានត្រូវដំរីដើរជាន់ស្លាប់ខ្ទេចខ្ទីស្ទើរតែអស់។ គ្រានោះមានទន្សាយមួយ
ឈ្មោះសិលីមុខ កាលបានឃើញព្រឹត្ដិការណ៍អន្ដរាយដូច្នោះ ទើបគិតថាៈ «ហ្វូងដំរីនេះ គឺកងជ្រួលច្របល់ ដោយក្ដី
ស្រេកឃ្លាន នឹងគប្បីមកកាន់ត្រពាំងនេះរាល់ថ្ងៃ កាលបើដូច្នេះត្រកូលពូជទន្សាយទាំងឡាយមុខជាវិនាសអន្ដរធាន
អស់មិនខានឡើយ»។ ពេលនោះមានទន្សាយចាស់មួយឈ្មោះវិជ័យ ចូលមកនិយាយរ៉ាប់រងថាៈ «នែអ្នកទាំងឡាយ!
កុំភិតភ័យជ្រួលច្របល់ថ្វី ទុកងារអោយខ្ញុំទៅធ្វើប្រតិបត្ដិការក្នុងទីនោះជួយដោះទុក្ខបងប្អូនទាំងឡាយ»។ ទន្សាយ
ចាស់ឈ្មោះវិជ័យនោះធ្វើប្ដេជ្ញាដូច្នេះហើយ ក៏ដើរចេញទៅ កាលដែលកំពុងដើរចេញទៅ វិជ័យដើរបណ្ដើរគិត
បណ្ដើរថាៈ «ដល់អាត្មាអញដើរទៅជិតស្ដេចដំរីជាម្ចាស់ហ្វូង តើអាត្មាអញត្រូវធ្វើដូចម្ដេច? ព្រោះថាៈ

១៤ - ដំរីគ្រាន់តែពាល់ ភុជង្គគ្រាន់តែព្រួសពិស ព្រះរាជាគ្រាន់រក្សា មនុស្សទុជ៌នសូម្បីញញឹម ទាំងអស់នេះ សុទ្ធតែ
ធ្វើអោយដល់សេចក្ដីស្លាប់បានទាំងអស់។

បើដូច្នោះ គួរតែអាត្មាអញឡើងទៅលើកំពូលភ្នំសិន ហើយសឹមនិយាយប្រាប់មេខ្លោងដំរី។ លុះទន្សាយធ្វើដូចគំនិត
ស្រេចហើយ មេខ្លោងដំរីស្រែកសួរតបទៅវិញថា «ចុះអ្នកអែងជាអ្វី? អ្នកអែងមកពីណា?»។ វិជ័យឆ្លើយប្រាប់ថាៈ
«យើងជាទន្សាយព្រះច័ន្រ្ទដ៏មានបុណ្យ លោកប្រើយើងមកកាន់សំណាក់អ្នករាល់គ្នានេះអែង »។ មេខ្លោងដំរីសួរត
មវិញភ្លាមថាៈ «បើដូច្នោះ ចូរនិយាយប្រាប់មកមានការណ៍ដូចម្ដេចខ្លះ?» វិជ័យប្រាប់ថា

១៥ - ទូតសូម្បីនៅកណ្ដាលសស្រ្ដាវុធ ដែលគេលើកច្រូងច្រាងក៏មិននិយាយអ្វីដទៃក្រៅពីការខ្លួន អាស្រ័យដោយ
ខ្លួនជាទូត គេមិនសំលាប់ ហេតុនោះទើបទូតចរចាត្រង់ទៅត្រង់មកតាមសេចក្ដីពិត។

ដូច្នោះ ខ្ញុំនឹងសូមពោលទៅតាមព្រះរាជអាជ្ញាព្រះច័ន្រ្ទដ៏មានបុណ្យដែលខ្ញុំបានទទួលមក សូមប្រុងស្ដាប់ដូចតទៅ
នេះ «ទន្សាយទាំងឡាយនេះ ជាអ្នករក្សានូវត្រពាំងព្រះច័ន្រ្ទ អិលូវអ្នកទាំងឡាយមកបណ្ដេញបំបរបង់ហើយសំលា
ប់ផង ការធ្វើដូច្នេះមិនត្រឹមត្រូវតាមគន្លងធម៌ទេ ព្រោះទន្សាយទាំងអស់ដែលរក្សានូវត្រពាំងនេះជា បរិវារយើង
ហេតុនេះហើយបានជាមានពាក្យហៅយើងថា «សសាង្ក (មានរូបទន្សាយជាគ្រឿងសំគាល់ នាមធេយ្យ ឈ្មោះ) ជា
នាមធេយ្យរបស់យើង។ កាលដែលទូតថ្លែងសេចក្ដីដូច្នេះចប់ហើយ មេខ្លោងដំរីភ័យញ័ររន្ធត់ ហើយនិយាយទាំងញ
ញាក់ញញ័រតបថា «បពិតលោកជាអ្នកថ្លែងសេចក្ដី! យើងខ្ញុំលែងទៅក្នុងត្រពាំងនោះទៀតហើយ»។ វិជ័យជាទូតនិ
យាយបំភ័យថែមទៀតថាៈ «បើដូច្នោះ ចូរអ្នកទាំងឡាយទៅមាត់ត្រពាំងសិន ដើម្បីថ្វាយបង្គំព្រះអង្គ សូមអោយ
លោកត្រាប្រណីប្រោសប្រាណអត់ទោស រួចហើយសឹមត្រលប់ទៅវិញចុះ ព្រោះព្រះច័ន្រ្ទលោកខ្ញាល់ខ្លាំងណាស់។
កាលនោះវិជ័យនាំដំរីមេខ្លោងនិងបរិវាទៅក្នុងរាត្រី ហើយបង្ហាញរូបព្រះច័ន្រ្ទដែលកំពុងញ័រដោយរលកក្នុងត្រពាំង
នោះ ដំរីមេខ្លោងមើលទៅឃើញព្រះច័ន្រ្ទញ័រមែន។ វិជ័យនិយាយអង្វរថាៈ «ទេវ! កំហុសគឺដំរីធ្វើពិតមែនហើយ
ព្រោះគ្នាមិនបានដឹង បើដូច្នោះ សូមលោកម្ចាស់អភ័យទោសអោយទានដោយករុណា តទៅហ្វូងដំរីទាំងឡាយនេះ
ប្ដេជ្ញាថានឹងមិនមកកាន់ទីនេះទៀតទេ»។ វិជ័យសូមអភ័យទោសអោយ ដំរីរួចហើយទើបបង្គាប់អោយដំរីទាំងឡាយ
ថយចេញពីទីនោះទៅហោង ព្រោះហេតុនោះ បានជាយើង(ក្ងោកទាំងឡាយ)និយាយថាៈ «ដោយប្រើអុបាយកល»
ដូច្នេះជាដើម(លេខ១៤)។

លំដាប់នោះ ខ្ញុំបាទ(ទីឃ៌មុខ) និយាយអួតប្រាប់ក្ងោកទាំងឡាយនោះថា «រាជហង្សម្ចាស់យើង ជាស្ដេចមានតេជានុ
ភាពមានសក្ដានុភាព ព្រមទាំងមានសមត្ថភាពបរិបូណ៌ផង គួរនឹងបានសោយរាជ្យគ្រប់គ្រងត្រៃលោកនេះទៅទៀត
នឹងនិយាយថ្វី សព្វបើរាជសម្បត្ដិលើផែនដីនេះ»។ កាលនោះក្ងោកជេរប្រទេចខ្ញុំបាទថា «នែអាកុកព្រហើន! បើគ្រា
ន់បើណាស់ ម្ដេចអាអែងមកកាន់ទឹកដីយើងនេះធ្វើអ្វី?» ជេរហើយចាប់ខ្ញុំបាទនាំយកទៅកាន់សំណាក់ស្ដេចក្ងោក
ឈ្មោះចិត្ដពណ៌។ កាលទៅដល់ចំពោះមុខស្ដេចក្ងោកហើយ ក្ងោកជាបរិវារលើកទសករប្រណម្យថ្វាយបង្គំ ទើប
បង្ហាញខ្ញុំបាទ។ ប្រាប់ស្ដេចក្ងោកថាៈ «ទេវ! សូមលោកម្ចាស់ជ្រាប អាកុកព្រហើន នេះវាមកកាន់ប្រទេសយើងហើ
យវាហ៊ានក្បត់ព្រះចេស្ដានៃទេវបាទ!»។ ស្ដេចក្ងោកសួរថាៈ «ចុះអាកុកនោះវាជាអ្វី? វាមកពីណា?»។ ក្ងោកជាបរិវា
ទាំងឡាយប្រាប់ថាៈ «អាកុកនេះជាចារបុរសនៃរាជហង្សហិរណ្យគភ៌ វាមកពីកប៌ូរទ្វីប។ គ្រានោះអែង ត្មាតឈ្មោះទុ
រទសី ជាប្រធានរដ្ឋមន្រ្ដីនៃស្ដេចចិត្រពណ៌សួរខ្ញុំបាទថាៈ «អ្នកណាជាប្រធានរដ្ឋមន្រ្ដីក្នុងប្រទេសអែង?»។ ខ្ញុំបាទឆ្លើ
យប្រាប់ថាៈ «ចាក្រពាកឈ្មោះសវិជ្ញៈ ជាអ្នកដល់នូវត្រើយនៃវិទ្យាសាស្រ្ដទាំងអស់»។ ត្មាតនិយាយតទៅ ទៀតថាៈ
«ថាបើចាក្រពាកឈ្មោះសវិជ្ញៈនេះកើតក្នុងប្រទេសនោះមែន សមគួរនឹង កាន់ដំណែងជាប្រធានរដ្ឋមន្រ្ដីហើយ
ព្រោះថា៖

១៦ - កើតក្នុងប្រទេសខ្លួន ប្រព្រឹត្ដល្អបរិសុទ្ធតាមវង្សត្រកូល មានចិត្ដស្អាត ស្ទាត់ជំនាញក្នុងសាស្រ្ដ មានអាថិកំបាំង
មិនតាំងខ្លួនជានាក់លេងល្បែងភ្នាល់ វៀរមិនប្រព្រឹត្ដបរទារកម្ម។

១៧ - ព្រះរាជាគួរគប្បីស្វែងរកមន្រ្ដី ជាអ្នកចេះចាំធម្មសាស្រ្ដនិងអថិសាស្រ្ដ ជាអ្នកមានពូជជានាម៉ឺនធំ មាននាមល្បី
ល្បាញ ជាបណ្ឌិតជាអ្នកបង្កើតទ្រព្យសម្បត្ដិ។

ក្នុងលំដាប់នោះ សេកជាមន្រ្ដីនិយាយប្រាប់ស្ដេចក្ងោកចិត្រពណ៌ទៀតថា «ទេវ! កប៌ូរទ្វីប និងទ្វីបទាំងឡាយអែទៀត
គ្រាន់ជាកោះតូចតាចទេ ហើយនៅក្នុងបរិវេណ អាណាចក្រជម្ពូទ្វីបទាំងអស់ ដូច្នេះទ្វីបទាំងឡាយនេះនៅក្នុងអធិប
តេយ្យព្រះទេវបាទទាំងអស់» ស្ដេចក្ងោកចិត្រពណ៌ និយាយចាក់បណ្ដោយដោយល្មោភថាៈ «អើ!ពិតដូចអែងនិយា
យមែន ព្រោះថា៖

១៨ - ព្រះរាជា១ មនុស្សឆ្កួត១ កូនក្មេង១ អ្នកបរិភោគកាម១ តែងចង់បានរបស់ដែលខ្លួនមិនទាន់បាន ចាំបាច់និយាយ
ថ្វីដល់របស់ដែលខ្លួនបានហើយ។

កាលនោះខ្ញុំបាទ(ទីឃ៌មុខ) ឆ្លើយតបថាៈ «ថាបើគ្រាន់តែថារឺគ្រាន់តែនិយាយ ហើយបានសំរេចអធិប្បតេយ្យដូចមា
ត់មែននោះ ខ្ញុំបាទក៏ចេះនិយាយដែរថាៈ «ជម្ពូ ទាំងមូលនៅក្នុងអំណាចស្ដេចម្ចាស់ខ្ញុំបាទឈ្មោះហិរណ្យគភ៌ទាំងអស់
»។ សេកសួរមកខ្ញុំបាទវិញភ្លាមថាៈ «ធ្វើមធ្យោបាយដូចម្ដេច នឹងអោយសំរេចប្រស្នានេះបាន?»។ ខ្ញុំបាទឆ្លើយតបពា
ក្យសេកវិញថាៈ «ធ្វើសង្រ្គាម»។ កាលនោះស្ដេចក្ងោកចិត្រពណ៌និយាយប្រាប់ខ្ញុំបាទថាៈ «អែងត្រលប់ទៅប្រាប់ម្ចា
ស់អែងវិញទៅ អោយរៀបចំ សែន្យានុភាពត្រៀមចាំចុះ»។ ខ្ញុំបាទនិយាយថា «សូមលោកបញ្ជូនទូតទៅចរចាជាមួ
យលោកម្ចាស់ខ្ញុំសិន»។ ពេលនោះស្ដេចក្ងោកចិត្រពណ៌ បែរទៅប្រឹក្សាចំពោះ មន្រ្ដីទាំងឡាយថាៈ «តើនឹងតែងតាំ
ងអ្នកណាជាទូត? ព្រោះទូតគួរចេះការ និងអោយមានលក្ខណសម្បត្ដិដូច្នេះ។

១៩ - មានភក្ដី មានគុណ បរិសុទ្ធល្អ ប្រសប់វាងវៃ ឈ្លៀវឆ្លាត និងមានប្រតិភាន បុគ្គលបែបនេះគួរធ្វើជាទូត។

ត្មាតឆ្លើយថា «បុគ្គលមានលក្ខណៈដូច្នេះមានច្រើនណាស់ ទោះម្ដេចម្ដា គួរយើងតែងតាំងព្រាហ្មណ៍ អោយធ្វើជា
ទូតទៅចរចា ព្រោះថា៖

២០ - ធ្វើសេចក្ដីជ្រះថ្លា (ធ្វើអោយចំរើន) ដល់ម្ចាស់ផែនដី ដែលមិនប្រាថ្នាចង់បានសម្បត្ដិ ដូចថ្នាំពិសពុលឈ្មោះកា
លកូដៈ (ថ្នាំពុលដែលកើតពីការកូរសមុទ្រទឹកដោះ នៅជាប់នឹងកព្រះអិសូរ មានពណ៌ខ្មៅមិនប្រឡាក់កព្រះអិសូរ
ហើយជាគ្រឿងលំអរព្រះអិសូរ អែព្រាហ្មណ៍ជានាក់ទល់ក្រនៅរួមជាមួយស្ដេចដែលមានទ្រព្យច្រើន ក៏មិនត្រូវការ
ចង់បានទ្រព្យស្ដេច
)មិនប្រាសចាកពណ៌ខ្មៅជាប់នៅកព្រះ អិសូរជានិច្ច។

ក្ងោកចិត្រពណ៌បង្គាប់សេកថាៈ «នែសេក! អែងចូរទៅ ជាមួយទីឃ៌មុខនេះ ហើយនិយាយប្រាប់ម្ចាស់គេថា យើង
រៀបទ័ពេត្រៀមព្រមហើយ»។ សេក ទទួលអាជ្ញាថា «ទេវៈ!ខ្ញុំបាទទទួលតាមអាជ្ញាហើយ តែកុកទីឃ៌
មុខនេះជាសត្វទុជ៌ន ខ្ញុំបាទទៅជាមួយផងមិនបានទេ ព្រោះថា៖

២១ - មនុស្សទុជ៌ន ប្រព្រឹត្ដអំពើអាក្រក់ ផលអាក្រក់តែធ្លាក់ទៅលើមនុស្សល្អវិញ (កាលរាពណ៍លួចនាងសិតាយក
ទៅទុកនៅក្រុងលង្កា ព្រះរាមចង់ថ្នល់សមុទ្រលើករេហ៍ពលទៅវាយក្រុងលង្កាបែក
) ដូចរាពណ៍ទៅលួចនាងសិតា
ផលអាក្រក់របស់រាពណ៍នេះធ្លាក់ទៅលើសមុទ្រ គឺសមុទ្រត្រូវព្រះរាមចងថ្នល់។

២២ - បុគ្គលមិនគប្បីឋិតនៅ រឺមិនគប្បីដើរទៅជាមួយមនុស្សទុជ៌នឡើយ ក្នុងកាលណាក៏ដោយ ហង្សស្លាប់ព្រោះ
ឋិតនៅជាមួយទទា ស្លាប់ព្រោះដើរទៅជាមួយ ទាំងអស់នេះមកតែពីសមាគមមួយអន្លើដោយក្អែក។ ចិត្រពណ៌សួរ
ឡើងថាៈ «ចុះរឿងនោះតើដូចម្ដេច?» សេកដំណាលរឿងនោះដូចតទៅនេះថា៖។

ไม่มีความคิดเห็น:

แสดงความคิดเห็น