วันศุกร์ที่ 5 มีนาคม พ.ศ. 2553

អារម្ភកថាលើកទី២

ហិតោបទេសភាគទី១ ឡើងកាន់ពុម្ពលើកដំបូងនៅក្នុងឆ្នាំឆ្លូវ អែកស័កព.ស ២៤៩២ បណ្ណាគារ ឃឺនឆែ ជាអ្នកបោះ
ពុម្ពផ្សាយមកដល់អិលូវនេះសៀវភៅនេះ បាត់មុខពីបណ្ណាគារអស់ទៅហើយ។ មានអ្នកត្រូវការមកសួររករឿយៗ
សំដែងអោយឃើញថា មានសេចក្ដីរីករាយសប្បាយចិត្ដណាស់ដោយគិតឃើញថា ការព្យាយាមរបស់ខ្ញុំដែលខំប្រឹង
នោះមិនអិតប្រយោជន៍ទេ បានផលសមតាម បំណងខ្ញុំហើយ។ អិលូវនេះគួរចាត់ការបោះពុម្ពលើកទី២ តទៅទៀត
ដើម្បីបំពេញត្រូវការអ្នកអានទាំងឡាយដែល មានសេចក្ដីស្រេកឃ្លានចង់ចេះដឹង ទើបខ្ញុំប្រគល់ហិតោបទេស
នេះទៅបណ្ណាគារគីមគី អោយចាត់ការបោះពុម្ពលើកទី២ នេះតទៅ។ ខ្ញុំបានកែតំរឹមតំរូវសេចក្ដីខ្លះ ដែលភ្លាំងភ្លាត់
ឆ្គាំងឆ្គងអោយបានល្អ ហើយបានអនុញ្ញាតអោយចាត់បោះពុម្ព។

វត្ដអុណ្ណាលោមថ្ងៃសៅរ៍ ៥ រោច ខែពិសាខ ឆ្នាំមមី ឆស័កព.ស ២៤៩៧
ត្រូវនឹងថ្ងៃទី២២ ខែអុសភា គ.ស ១៩៥៤។

វិរិយបណ្ឌិតោ ប.ខាត់
ស្រីហិតោបទេស
អារម្ភបទ

១ -សូមសេចក្ដីប្រាថ្នារបស់ សាធុជនទាំងឡាយបានសំរេចផលដោយ កិរិយាប្រសិទ្ធី នៃព្រះអិសូរ ដែលរស្មីភាគ១ក្នុង
១៦ ស្ថិតនៅអៃដ៏ព្រះលាដ ដូចជាលេខា (បន្ទាត់គំនូស រឺត្រា គឺរស្មីភ្លឺភ្លេកដូចបន្ទាត់ រឺត្រាផ្សាយចេញពីពពុះទឹក។) នៃ
ពពុះទឹកទន្លេគង្គា។

២ - ហិតោបទេសនេះ នរជនបានត្រងត្រាប់ស្ដាប់ហើយ នឹងប្រគល់ អោយនូវសេចក្ដីជំនាញក្នុងភាសាសំស្រ្កឹត នូវ
សេចក្ដីឆ្លៀវឆ្លាសក្នុងសំដីថ្វីមាត់ និង ក្នុងនិតិវិជ្ជាទាំងឡាយដ៏វិចិត្រផ្សេងៗក្នុងទីទាំងពួង។

៣ - អ្នកប្រាជ្ញ កាលបើស្វែងរកវិជ្ជា និងទ្រព្យគប្បីគិតថា ដូចជាខ្លួនមិនចាស់មិនស្លាប់ កាលបើស្វែងរកធម៌ គប្បីគិត
ថាខ្លួនត្រូវម្រឹត្យុចាប់ក្របួចសក់បោកសំលាប់អិលូវនេះហើយ។

៤ - បណ្ដាទ្រព្យទាំងពួង,វិជ្ជា លោកពោលថាជាទ្រព្យដ៏អុត្ដម ព្រោះវិជ្ជាចោរលួចយកមិនបានផង កាត់ថ្លៃមិនបានផង
មិនចេះរេចរឹលអស់ទៅផង សព្វៗកាល។

៥ - វិជ្ជាយិតយោងជនដែលនៅថោកទាក អោយបានចូលទៅជិតព្រះនរបតីដែលគេនៅជិតបានដោយក្រ រឺអ្នកមាន
បុណ្យដ៏ក្រៃលែងជាងនរបតីទៅទៀត ដូចស្ទឹងដែលនៅក្នុងទីទាបតែងប្រមូលយកទឹកចូលទៅកាន់សមុទ្រ។

៦ - វិជ្ជានាំអោយមានវិន័យ, វិន័យ នាំអោយបានសេចក្ដីថ្លៃថ្នូរ, សេចក្ដីថ្លៃថ្នូរនាំអោយបានទ្រព្យសម្បត្ដិ,ទ្រព្យសម្បត្ដិ
នាំអោយបានធម៌ ធម៌ដឹកនាំអោយបានសេចក្ដីសុខ។

៧ - សស្រ្ដវិជ្ជា(វិជ្ជាកសាង រឺជាអាវុធសំរាប់ប្រហារគ្នាទៅវិញទៅមក) និង សាស្រ្ដវិជ្ជា(ការចេះដឹងក្បួនខ្នាត គម្ពីរ ដី
ការច្បាប់សំរាប់ប្រតិបត្ដិអោយកើតសេចក្ដីសុខក្សេមក្សាន្ដ រឺសេចក្ដីចំរើនលោក
) ទាំង២នេះ គួរប្រតិបត្ដិសិក្សា
រៀនអោយ ដឹងទាំងអស់ វិជ្ជាទី១ ខាងដើម (សស្រ្ដវិជ្ជា) កើតចំរើនឡើង ដើម្បីសើចលេងជាត្លុកកំប្លែក,វិជ្ជាទី២ខាង
ចុង (សាស្រ្ដវិជ្ជា)បុគ្គលគួរគោរព ក្នុងកាលទាំងពួង។

៨ - រូបគំនូរដែលគេគូរទុកអៃដ៏ភាជនៈថ្មី មិនឃ្លាតក្លាយទៅជាប្រការដទៃយ៉ាងណា និតិវិជ្ជា ដែលគេ បង្វឹក បង្ហាត់
ដល់កូនក្មេងទាំងឡាយដោយថា ជាគ្រឿងប្រៀបធៀប ក៏ជាប់នៅយ៉ាងនោះលោកពោលទុកក្នុងទីនេះគឺៈ

៩ - ១ មិត្រលាភ, ការគប់មិត្ដ, ២ សុហរិទភេទ ការបំបែកមិត្រ, ៣ វិគ្រហៈ សង្រ្គាម, ៤ សន្ធិ សន្ដិភាព ដែលស្រង់
យកមកពីគម្ពីរបញ្ចតន្រ្ដៈ និងគម្ពីរដ៍ទៃទៀតនោះ ខ្ញុំពោលទុកក្នុងទីនេះដូចសេចក្ដីតទៅ។ ក្នុងអតីតកាល មាននគរ
មួយឈ្មោះបាដលីបុត្រ ស្ថិតនៅក្បែរស្ទឹងគង្គា។ ព្រះបាទ សុទសិនៈ ទ្រង់ប្រកបដោយស្វាមីគុណគ្រប់ប្រការ ស្ដេច
គ្រប់គ្រងនគរនោះ។ សម័យមួយទ្រង់ធ្វើព្រះសណ្ដាប់ស្លោកពីរបទ ដែលអ្នកប្រាជ្ញបានពោលទុក មានសេចក្ដីដូចត
ទៅនេះ ៖

១០ សាស្រ្ដវិជ្ជា ជាគ្រឿងកាត់បង់នូវសេចក្ដីសង្ស័យជាអនេក ជាគ្រឿង បើកបង្ហាញនូវអាថិកំបាំង និង ជាភ្នែកសំ
រាប់មើលសព្វសារពើការណ៍ទាំងឡាយ អ្នកណាមិនមានសាស្រ្ដវិជ្ជា អ្នកនោះទុកដូចជាមនុស្សខ្វក់។

១១ ភាពជាយុវជន១ ភាពជាអ្នកមានទ្រព្យច្រើន១ ភាពជាអ្នកមានអធិបតេយ្យ១ និងភាពជាអ្នកមិនបែកបាក់គ្នា១ បើ
មានតែមួយៗ ក៏នាំអោយខូចប្រយោជន៍ ធ្វើម្ដេចហ្ន៎ អោយបានគ្រប់ទាំង ៤ប្រការក្នុងខ្លួនមនុស្ស? កាលព្រះរាជាអង្គ
នោះ ទ្រង់ព្រះសណ្ដាប់ដូច្នោះហើយ ក៏ទ្រង់ព្រួយតានតឹងព្រះរាជហរិទ័យ ចំពោះព្រះរាជបុត្ររបស់ព្រះអង្គដែលមិន
ទាន់បានសិក្សាសាស្រ្ដវិជ្ជាទាំងឡាយ ព្រមទាំងប្រព្រឹត្ដក្នុងផ្លូវខុសគន្លងធម៌ដោយសេចក្ដីប្រមាថ ទើបទ្រង់ព្រះតំរិះក្នុង
ព្រះរាជហរិទ័យដូច្នេះថា៖

១២ មានប្រយោជន៍អ្វី ចំពោះកូនដែលកើតហើយល្ងង់ផង មិនប្រកបដោយធម៌ផង?ដូចភ្នែកឈឺ មានប្រយោជន៍អ្វី?
បានគ្រាន់តែឈឺចាក់ដោតនាំអោយរំខានប៉ុណ្ណោះ។

១៣ បណ្ដាកូនបីពួក គឺកូនមិនទាន់កើត១ពូក កូនកើតហើយស្លាប់ទៅវិញ១ពូក និង កូនល្ងង់ខ្លៅ១ពួក កូនពីរពួកខាង
ដើមជាកូនគាប់ប្រសើរ ពួកកូនទីបីមិនប្រសើរឡើយ ព្រោះថា កូនពីរពួកខាងដើម ធ្វើទុក្ខព្រួយតែម្ដងក៏អស់ហើយ
ទៅ អែពួកកូនក្រោយទីបីធ្វើទុក្ខមាតាបិតាអោយលំបាកគ្រប់ជំហានជើង។

១៤ - អ្នកណាកើតហើយដឹកនាំត្រកូលអោយចំរើនខ្ពង់ខ្ពស់ឡើង អ្នកនោះទើបឈ្មោះថា «កើត» មែនទែន រឺពេញ
ជាកើតត្រឹមត្រូវ ព្រោះក្នុងសំសារវដ្ដដែលប្រព្រឹត្ដទៅនេះ អ្នកណាមួយដែលស្លាប់ទៅហើយមិនត្រលប់កើតវិញ
ទៀត?

១៥- ក្នុងពេលប្រារព្ធនឹងរើសរកឈ្មោះ នៃពួកអ្នកមានគុណចុះក្នុងបញ្ជីផែនថ្ម ឈ្មោះអ្នកណាអិតគុណ មិនញ៉ាំងចិត្ដ
គេអោយរំភើបព្រឺព្រួចទេ! គេមិនចារឹកឈ្មោះអ្នកនោះឡើយ បើដូច្នោះតើគួរនឹងហៅម្ដាយដែលបង្កើតកូននោះ
ថាជាស្រ្ដីអា រឺស្រ្ដីអ្វីហ្ន៎? ១៦ - អ្នកណាមិនតំកល់ខ្លួនក្នុងការអោយទាន ក្នុងតបធម៌ គឺសុចរិតក្នុងសេចក្ដីអង់អាចក្លា
ហាន ក្នុងវិទ្យាសាស្រ្ដ និងការស្វែងរកទ្រព្យ អ្នកនោះ លោកទុក្ខជាអុច្ចារ:នៃមាតា។

១៧ - កូនមានគុណគាប់តែម្នាក់ជាកូនប្រសើរ កូនល្ងង់រាប់រយមិនប្រសើរទេ ដូចព្រះចន្ទតែមួយដួងអាចកំចាត់ងងឹត
អន្ធកាលបាន កងតារាទាំងឡាយ កំចាត់ងងឹតមិនបានឡើយ។ ១៨- តបៈ គឺការបំពេញកុសល ដែលបុគ្គលណាមួយធ្វើ
ក្នុងទីស័ក្ដិសិទ្ធិ ពុំនោះបំពេញទុក្ខរៈកម្មដ៍ក្រៃលែងអែណា
មួយ ព្រោះប្រាថ្នាកូន កូននៃអ្នកនោះ គួរជាកូនប្រដៅងាយ សមរិទ្ធិសំរេចប្រយោជន៍ប្រកបដោយធម៌ និងមានប្រា
ជ្ញាបរិបូណ៌។

១៩- កិរិយាបានទ្រព្យ១ ភាពជាបុគ្គលមិនមានរោគជានិច្ច១ ភរិយាជាទីស្រឡាញ់១ ភរិយាពោលពាក្យពិរោះ១ កូនប្រ
ដៅងាយ១ និងមានវិជ្ជាធ្វើប្រយោជន៍ដល់សាធារណជន១ បពិតព្រះរាជា! ធម៌៦ប្រការនេះ ជាបរមសុខក្នុងជីវលោក
នេះ។

២០ - គួរនឹងរាប់អ្នកមានកូនច្រើនថា គាប់ប្រសើររឺទេ! បើកូនទាំងឡាយនោះទុកជានាឡិទទេក្នុងជង្រុក កូនតែម្នាក់
ជាទីពឹងផ្អែក ទំនុកបំរុងត្រកូលល្អជាជាងកេរ្ដិ៍ឈ្មោះបិតាក៏ល្បីល្បាញលឺខ្ចរខ្ចាយទៅគ្រប់ទិសានុទិស។

២១ - បិតាធ្វើបំណុលទុកអោយកូនជាសត្រូវ មាតាប្រព្រឹត្ដទុចរិតខុស គន្លងប្រពៃណីជាសត្រូវ ភរិយាមានរូបល្អជា
សត្រូវ កូនល្ងង់ក៏ជាសត្រូវ។

២២ - វិជ្ជា បើមិនយកទៅប្រើប្រាស់ ជាពិសពុល ភោជនដែលបរិ ភោគទៅហើយមិនរលួយ ជាពិសពុល សភ(ទី
ប្រជុំ រោងមហោស្រព រីឋានអិស្សរជន)
ជាពិសពុល សំរាប់អ្នកក្រីក្រ ស្រ្ដីក្រមុំជាពិសពុលសំរាប់មនុស្សចាស់ជរា។

២៣ - នរជនសូម្បីចេញពីត្រកូលណាក៏ដោយ តែមានគុណគាប់ប្រសើរហើយ លោកក៏គួរគោរពបួជា ធ្នូសូម្បីបរិ
សុទ្ធដោយវង្ស (ិស ប្រែថា រិស្សី រនូត រត ខ្លុយឆ្អឹងខ្នង ខ្សែស្រលាយវង្សជាតិ។ ទីនេះមានសេចក្ដីផ្សេងគ្នា គឺធ្នូរិស្សី
នេះ មិនប្រសិទ្ធីក៏មិនពូកែ ធ្នូមានវង្ស ដូចជាធ្នូព្រះអិសូរ ព្រះរាមជាដើម បើមិនប្រសិទ្ធីមិនពូកែ
) តែមិនប្រសិទ្ធីនឹង
ធ្វើអ្វីកើត?។

២៤ - អោកូនតូចកំសត់អើយ! អ្នកមិនទាន់បានរៀនសូត្រសោះរាត្រីទាំងឡាយចេះតែប្រព្រឹត្ដកន្លងទៅៗ បើដូច្នោះ
ខ្លួនអ្នកនឹងកប់បាត់នៅកណ្ដាលហ្វូងអ្នកប្រាជ្ញទាំងឡាយ ដូចគោលង់ទ្រនេសជាប់ក្នុងកណ្ដាលបឹងភក់។កាលបើដូច្នេះ
ធ្វើដូចម្ដេចអោយកូនអាត្មាអញ ត្រលប់បានជាបុគ្គលមានគុណ គាប់ប្រសើរឡើង ក្នុងកាលអិលូវនេះ?។

២៥ - បរិភោគអាហារ១ ការដេក១ ភ័យ១ និង សេពមេថុន១ ធម៌ ទាំង៤ប្រការនេះមនុស្សនិងសត្វមានស្មើគ្នា មាន
តែព្រះធម៌ប៉ុណ្ណោះទេ ទើបអាចធ្វើមនុស្ស និងសត្វអោយវិសេសប្លែកពីគ្នា នរណាប្រាសចាសធម៌ នាក់នោះទុក
ស្មើសត្វ។

២៦ - ធម៌ (ព្រះវេទ) អាថិធម៌ (សេចក្ដីអធិប្បាយព្រះវេទ) កាម (សេចក្ដីប្រាថ្នាធម៌ និងអាធម៌) និង មោក្សៈធម៌ទាំង
៤ប្រការនេះអ្នកណាមិនមានក្នុងខ្លួន សូម្បីតែមួយប្រការ ជីវិតអ្នកនោះអិតប្រយោជន៍សោះសូន្យទទេ ដូចបូកពពែ
(នៅប្រទេសអិណ្ឌាខាងបេង្គាល់មានពពែមួយពួកគេហៅថា គលស្តនីប្រែថាពពែកដោះនោក) រកប្រយោជន៍គ្មាន

២៧ - អាយុ១ កម្ម១ ទ្រព្យ១ វិជ្ជា១ និង សេចក្ដីស្លាប់១ ធម៌៥ប្រការ នេះកើតសំរេចមកជាមួយរាងកាយមនុស្សតាំង
ពីស្ថិតនៅក្នុងគភ៌ម្លេះ។

២៨ - ភាវធម៌នៃបុគ្គលមានភាវធម៌ តែងកើតមានដល់ភាវៈនៃបុគ្គល ជាធំដោយពិត ភាវៈអាក្រាតតែងមានដល់ព្រះ
អិសូរ កិរិយាដេកលើពោះធំ (យានព្រះនរាយណ៍ ឈ្មោះមហាអហិ)តែងមានដល់ព្រះហរិ(នាមព្រះនរាយណ៍)។

២៩ - របស់ណាមិនមានបច្ច័យ របស់នោះក៏តែងមិនមាន ថាបើរបស់ណា មានបច្ច័យ របស់នោះក៏មិនមែនជាមិន
មាន ថ្នាំនេះរំងាប់នូវពិសពុលគឺ សេចក្ដីគិតបាន ហេតុដូចម្ដេចគេមិនផឹកថ្នាំនោះហ្ន៎? តែភាសិតនេះច្រើនជាសំដីម
នុស្សខ្ជិលពួកខ្លះ ក្នុងចំណោមមនុស្សមិនចេះអត់ធន់ដល់ការងារទាំងឡាយ។

៣០ -បុគ្គលសូម្បីគិតឃើញព្រេងវាសនា ក៏មិនគួរលះបង់សេចក្ដីព្យាយាមខ្លួនចេលឡើយ បើបុគ្គលមិនព្យាយាមចំ
រាញ់ល្ងមិនបានប្រេងល្ងទេ។

៣១ - ជោគលាភ តែងចូលទៅរកបុរសសីហៈ ដែលជាអ្នកមានព្យាយាមក្លៀវក្លាមានតែបុរសគំរក់ទេតែងពោលថា
«ស្រេចតែព្រេងសំណាង!» បុគ្គលចូរផ្ចាញ់វាសនា ហើយធ្វើនូវព្យាយាមអោយពេញដោយកូនប្រុស តាមកម្លាំងខ្លួន
ដែលអាចធ្វើបាន ថាបើតាំងព្យាយាមប្រឹងប្រែងធ្វើហើយ នៅតែមិនសំរេចទៀតតើវានឹងកើតទោសអ្វី?។

៣២ - រថមិនគប្បីទៅបានដោយកង់តែមួយយ៉ាងណា ព្រេងវាសនាបើរៀរចាកព្យាយាមនៃបុរសហើយ ក៏មិនសំរេច
យ៉ាងនោះដែរ។

៣៣ - កម្មដែលបុគ្គលធ្វើពីបុព្វជាតិ លោកហៅថា «ព្រេងវាសនា» ព្រោះហេតុនោះបុគ្គលមិនខ្ជឹលច្រអូស គប្បីធ្វើ
សេចក្ដីប្រឹងប្រែងដោយព្យាយាមពេញជាបុរស។

៣៤ - ជាងប៉ាន់ ប៉ានដុំដីជារូបផ្សេងៗ តាមចិត្ដខ្លួនប៉ាន់យ៉ាងណា កម្មដែលបុគ្គលសាងទុកខ្លួនអែង ក៏ប៉ាន់មនុស្សអោយ
ភាវៈផ្សេងៗ តាមលក្ខណៈនៃកម្ម របស់ខ្លួនយ៉ាងនោះដែរ។

៣៥ - បុគ្គល សូម្បីឃើញកំណប់ទ្រព្យនៅក្នុងទីចំពោះមុខ ដូចរឿងក្អែកដោយមិននឹកថា នឹងកើតបានហើយ ចាំព្រេ
ងវាសនាគាស់កកាយយកមកអោយអែងៗ មិនរវល់ធ្វើសេចក្ដីព្យាយាមជាប្រុសមិនបានកំណប់នោះទេ។

៣៦ - ការទាំងឡាយ តែងសំរេចដោយសេចក្ដីព្យាយាមប្រឹងប្រែង ដោយពិត មិនមែនដោយមនោរថទេ ដូចម្រឹគ
ទាំងឡាយ មិនដែលបោលចូល មាត់សីហៈដេកលក់ឡើយ។

៣៧ - កូនក្មេងដែលមាតាបិតាបានហ្វឹកហ្វឺនហើយ ទៅជាកូនគាប់ប្រសើរបានមិនដែលមានកូនក្មេងណាបានទៅជា
បណ្ឌិត ដោយគ្រាន់តែច្យុតចេញពីគភ៌មាតាទេ។

៣៨ - កូនក្មេងដែលមាតាបិតាណាមិនបានអោយរៀនសូត្រ មាតានោះត្រលប់ជាសត្រូវ បិតានោះត្រលប់ជាបុគ្គល
មានពៀរ ព្រោះកូនមិនបានរុងរឿងក្នុងទីប្រជុំជន ដូចកុកកណ្ដាលហ្វូងហង្ស។

៣៩ - ក្មេងបរិបូរណ៍ដោយរូប និងវ័យក្មេងសម្ភពក្នុងត្រកូលដ៏វិសេស អិតចេះដឹងវិជ្ជាអ្វីមិនមានរាសីរុងរឿងទេ ដូច
ផ្កាចារអិតមានក្លិនក្រអូប។

៤០ - មនុស្សល្ងង់ ប្រដាប់កាយដោយគ្រឿងអម្ពរតែងមានរាសីរុងរឿងក្នុងទីប្រជុំជន បើមនុស្សល្ងង់នោះ មិនទាន់
ហារមាត់ចេញនិយាយដរាបណា ក៏នៅតែមានរាសីរុងរឿងដរាបនោះ។

កាលព្រះរាជាទ្រង់រំពឹងដូច្នោះ ទ្រង់ត្រាស់បង្គាប់អោយប្រជុំអ្នកប្រាជ្ញ ទាំងឡាយ ទើបទ្រង់ត្រាស់ថា៖ «នែលោក
បណ្ឌិតទាំងឡាយសូមលោកស្ដាប់ខ្ញុំ បណ្ដាលោកបណ្ឌិតទាំងឡាយនេះ មានលោកណាខ្លះជាអ្នកប្រាជ្ញអាចបង្រៀន
និតិសាស្រ្ដដល់កូនខ្ញុំ ដែលល្ងង់ខ្លៅប្រព្រឹត្ដខុសគន្លងធម៌ជានិច្ចអោយមានកំណើតថ្មី អោយត្រលប់បានល្អឡើងក្នុង
កាលអិលូវនេះរឺទេ?» ព្រោះថា៖

៤១ - កញ្ចក់នៅរួមជាមួយមាស អាចចោលស្រមោលក្លាយទៅជា កែវមរកតយ៉ាងណា មនុស្សល្ងង់នៅរួមជាមួយ
នឹងលោកសម្បុរសក៏អាចត្រលប់ ទៅជាសប្បុរសឆ្លៀវឆ្លាតបានយ៉ាងនោះដែរ។

៤២ - កូនអើយ! មតិថោកទាប ព្រោះសមាគមមួយអន្លើដោយ បុគ្គលថោកទាប សមាគមមួយអន្លើដោយបុគ្គល
ស្មើគ្នា មតិក៏ស្មើគ្នា សមាគមមួយអន្លើដោយបុគ្គលប្រសើរ មតិក៏រឹងរិតតែប្រសើរឡើង។

សម័យនោះ មហាបណ្ឌិតម្នាក់ឈ្មោះវិសណុសិម័ន មានការចេះដឹង សកលនីតិសាស្រ្ដពិតប្រាកដ ដូចជាព្រះព្រឹហ
ស្បត៍ក្រាបទូលថា៖ «បពិតព្រះសម្មតិទេវង្ស! ព្រះរាជបុត្រទាំងឡាយនេះទ្រង់សម្ភពក្នុងមហាត្រកូល ទូលព្រះបង្គំ
អាចបងៀននិតិសាស្រ្ដទាំងឡាយតាមព្រះរាជបំណងបាន ព្រោះថា

៤៣ - កិច្ចការអ្វីមួយដែលប្រកបដោយអំពើអិតប្រយោជន៍ ក៏រមែងមិនបានផលសមតាមប្រាថ្នាទេ ដូចជាប្រើវេលា
ព្យាយាមបង្រៀនសត្វកុក អោយចេះនិយាយដូចសត្វសេកសូម្បីច្រើនរយដងនឹងបានផលក៏អិតអង្គឺមានឡើយ។

៤៤ - តែក្នុងមហាត្រកូលបែបនេះ អ្នកគ្មានបុណ្យមិនមកកើតទេប្រៀបដូចអណ្ដូងរ៉ែកើតត្បូងទទឹម ធ្វើម្ដេចឡើ
យនឹងកើតមានកពា្ចក់?។ ហេតុនេះខ្ញុំព្រះអង្គ សូមទទួលយកព្រះរាជទានអាសាបង្រៀនព្រះរាជកុមារទាំងឡាយនេះ
ត្រឹមតែឆមាសប៉ុណ្ណោះ អោយមានការចេះដឹងនិតិសាស្រ្ដស្ទាត់ជំនាញ។ ព្រះរាជាទើបទ្រង់ត្រាស់តបដោយសុភាព
ថា៖

៤៥ - ដង្កូវឡើងទៅទំនៅលើក្បាលសាធុជនបានព្រោះនៅលាយឡំជាមួយកំរងផ្កា ដុំថ្មដែលអ្នកធំលើកតំកើងហើ
យក៏ក្លាយទៅជាភាពទេវតាពូកែ ស័ក្ដិសិទ្ធិ។

៤៦ - របស់ទ្រព្យដែលនៅលើកំពូលភ្នំខាងអុទយាទិត្យ តែងបានពន្លឺស្វាងរុងរឿង ព្រោះនៅជិតព្រះអាទិត្យយ៉ាងណា
ជនហីនជាតិវណ្ណថោក តែងទទួលការចេះជាពន្លឺ ព្រោះនៅជិតលោកអ្នកសប្បុរសយ៉ាងនោះដែរ។

៤៧ - អ្នកមានគុណគាប់ តែងដឹងល្អ និង អាក្រក់ អ្នកមានគុណគាប់នោះ បើទៅសេពគប់មនុស្សអាក្រក់ ក៏ត្រល
ប់ទៅជាអាក្រក់វិញ ដូចស្ទឹងមានទឹកដល់ហើយដោយរសជាតិល្អ លុះហូរចូលទៅដល់សមុទ្រហើយក៏ក្លាយទៅជា
មានរសប្រៃផឹកមិនបាន។

ព្រោះហេតុនោះ ខ្ញុំសូមប្រគល់អំណាចដល់លោកជាអ្នកបង្រៀននីតិសាស្រ្ដដល់កូនខ្ញុំ ទ្រង់ត្រាស់ហើយ ទើបប្រ
គល់រាជអោរសដល់បណ្ឌិតវិសណុសម័ន ដោយ សេចក្ដីគោរពក្រៃលែង។

អារម្ភបទ ចប់ប៉ុណ្ណេះ

ไม่มีความคิดเห็น:

แสดงความคิดเห็น